ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានសហការជាមួយលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាធានីភ្នំពេញនិង ជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលាបានចុះអនុវត្តន៍ដីកាសំរេចចាត់ចែងជាបណ្តោះអាសន្នលេខ ៧៨១ ក១ភ.ព.កា ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ។
ក្នុងការចុះអនុវត្តន៍ដីកានេះ ក៏មានការចូលរួមពី លោក យស វាសនា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ លោក សន ណារ៉ាត់ អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក លាវ វិចិត្រ ប្រធានសេវាកម្មមណ្ឌលយុត្តិធម៌ លោក ម៉េង ស៊ីនឿន តំណាងអាវុធហត្ថខណ្ឌ លោក ហ៊ួរ ម៉េងវ៉ាង អធិការរងខណ្ឌ លោក សុខ សេរី អនុប្រធានការិយាល័យដែនដីសំណង់ភូមិបាលខណ្ឌមានជ័យ លោក កែវ សុខន សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ លោក ប៊ិច សំណាង មេភូមិទី២ និងលោកស្រី យិនសុភាព ម្ចាស់បំណុលនៃការសាងសង់របងថ្មដែលរៀបអំពីឥដ្ឋហ៊ុំពទ្ធ័។
នាឱកាសនោះលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអាននូវខ្លឹមសារនៃដីកាសំរេចចាត់ចែងជាបណ្តោះអាសន្នលេខ ៧៨១ ក១ភ.ព.កា ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយអនុញ្ញាតិអោយម្ចាស់បំណុលនៃការអនុវត្ត ឈ្មោះ យិន សុភាព សាងសង់របងថ្មដែលរៀបអំពីឥដ្ឋហ៊ុំពទ្ធ័ ជុំវិញតាមព្រំចាស់ដែលមានស្រាប់ប្រវែង ៦៦,៧៧ម៉ែត្រ ដូចមានលិខិតអនុញ្ញាតិសាងសង់លេខ ១០៣ ល.អ.ស.ណ.មជ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ ខណ្ឌមានជ័យ។
បន្ទាប់ពីបានអានចប់លោកស្រី យិន សុភាព ដែលជាភាគីម្ចាស់បំណុល នៃការអនុវត្ត សាងសង់របងថ្ម ដែលមានការរៀបឥដ្ឋហ៊ុំព័ទ្ធ បានយល់ព្រមនិងអនុវត្តន៍តាមដីកានេះឲ្យបានល្អនិងមានប្រសិទ្ធភាពខ្ពស់៕ ដោយ មែន កំសត់