ព្រៃវែង៖ នាល្ងាចថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៦ នៅសាលាស្រុកស៊ីធរណ្ដាល មានប្រារព្ធពិធីប្រជុំណែនាំ ស្ដីពីអាជីវកម្មសត្តឃាដ ប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល ។
ពិធីនេះ ក៏មានការចូលរូមពី លោកប្រធានការិល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង ការិយាល័យ កសិកម្មស្រុក ប្រធានផ្នែកបសុព្យាបាលស្រុក លោក លោកស្រីជាម្ចាស់អាជីវកម្មសត្តឃាដក្នុងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
បន្ទាប់មកលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានមានមតិជំរាបជូនដល់បងប្អូនដែលជាម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់ ត្រូវគោរពតាមបទដ្ឋានច្បាប់របស់ក្រសួងនិងថ្នាក់ខេត្តស្រុក ត្រូវរៀបចំថែរក្សា អនាម័យ ទីសត្តឃាដ ដើម្បីលើកកំពស់បរិស្ថានជុំវិញ ជៀសវាងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងបង្កាទប់ស្កាត់ការរាលដាលជម្ងឺឆ្លង និង ត្រូវយោគយល់គ្នា លក់ដូរទៅតាមតម្លៃនៃទីផ្សារ។ លោកសំណូមពរដល់លោកប្រធានការិយាល័យ កសិកម្ម និងការិយាល័យ ផលិតបសុព្យាបាល និងការិយាល័យបរិស្ថាន រួមគ្នាសហការនិងថ្នាក់ឃុំ ត្រូវមានផែនការចុះត្រួតពិនិត្យនៅតាមទីសត្តឃាដ ឬតាមកន្លែងអាជីវកម្ម ដើម្បីរក្សាអនាម័យ សោភ័ណភាព ស្រស់ស្អាត និងសណ្ដាប់ធ្នាប់របៀបរៀបរយផ្សារបានល្អប្រសើរ ។
បន្ទាប់មកនាឱកាសនោះដែរ លោកប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង និងលោកអភិបាលស្រុក បានធ្វើការចែកលិខិតអនុញាតិអាជីវកម្មពិឃាតសត្វប្រចាំឆ្នាំ២០១៦ ដល់ម្ចាស់អាជីវកម្មសត្តឃាដ ក្នុងស្រុកទៀតផង។ ក្រោយមកក្រុមការងារបានចុះពិនិត្យទីតាំងពិឃាតសត្វ មួយចំនួនដែលមាននៅតាមផ្សារក្បែរសាលាស្រុកស៊ីធរកណ្ដាលផងដែរ៕ ដោយ មែនកំសត់