ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករងខុទ្ទការល័យ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកនូវអំណោយមកឧបត្តម្ភ របស់សមេ្តច ចុះទៅសាកសួរសុខទុក្ខលោកយាយ មាឃ ផាន់នី អាយុ ៧៣ឆ្នាំ អតីតនាយិការ សាលាបឋមសិក្សា ខេមរបុត្រ ដែលជាជីដូនរស់នៅជាមួយចៅៗ និងមានជីវភាពក្រីក្រខ្វះខាតខ្លាំង សព្វថ្ងៃរស់នៅផ្ទះលេខ ៣៣៨ E១ ផ្លូវព្រះមុនីវង្ស ភូមិ០៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងដំណើរចុះសាកសួរសុខទុក្ខនោះក៏មានការចូលរួមពីមន្ត្រី តំណាងសាលាខណ្ឌចំការមន ចៅសង្កាត់បឹងកេងកង១ មេភូមិ នាយប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកង១។
ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ម ឡេង យ៉ានី ក្នុងនាមសម្ដេច សាយ ឈុំ ក៏បានសំណេះសំណាលទៅកាន់គ្រួសារលោកយាយ មាឃ ផាន់នី និងពាំនាំនូវការនឹករលឹកពីថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលតែងគិតគូរដល់បងប្អូនគ្រប់កាលៈទេសៈ ទោះបីមិនបានតាមតំរូវការក៏ដោយ ប៉ុន្តែ ប្រសើជាងយើងមិនបានមកមិនបានជួយ ។
បន្ទាប់មកឯកឧត្តមក៏បានឆ្លៀតចូលសាកសួរសុខទុក្ខ លោកយាយ ចាប ម៉ៅ អាយុ ៦៦ឆ្នាំ ដែលជាគ្រួសារក្រីក្ររស់នៅក្បែរនោះ និងបានផ្ដល់អំណោយឧបត្ថម្ភ ដល់លោកយាយទាំង២ គឺលោកយាយ មាឃ ផាន់នី និងលោកយាយ ចាប ម៉ៅ នូវថវិកានិងសំភារៈមួយចំនួននាឱកាសនោះផងដែរ ៕ ដោយ មែន កំសត់