ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ប្រចាំខែមករា របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ ក្រោមអធិបតីភាព លោកស្រី ញ៉ែម មុំ ប្រធានស្ដីទីក្រុមប្រឹក្សាខណ្ឌ និង លោក ឯក ឃុនដឿន អភិបាល នៃគណអភិបាលខណ្ឌទួលគោក។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខណ្ឌ អធិការនគរបាល អាវុធហត្ថ បញ្ជាការសឹករង មន្ត្រីការិយាល័យសាលាខណ្ឌ ចៅសង្កាត់ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
អង្គប្រជុំបានដំណើរការតាមរបៀបវារៈមានដូចជា ៖ ១-ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកមុន។ ២- ពិនិត្យសេចក្ដីព្រាងរបាយការណ៍របស់រដ្ឋបាលខណ្ឌ ប្រចាំឆ្នាំ២០១៥ និងរបាយការណ៍សកម្មភាពប្រចាំខែមករាឆ្នាំ២០១៦ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។
នាឱកាសនោះលោកស្រី ញ៉ែម មុំ តំណាងប្រធានក្រុមប្រឹក្សាខណ្ឌបានមានមតិសំណេះសំណាលនិងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដែលបានរួមគ្នាទប់ស្កាត់ បទល្មើស និងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ធានាបានសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់មកលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានស្នើដល់អង្គភាពដែលពាក់ព័ន្ធពិសេស សង្កាត់ភូមិ ត្រូវអនុវត្តន៍ បំរើសេវាសាធារណៈលើលិខិតស្នាមនានា តាមការកំណត់ច្បាប់ ត្រូវរួបរួមជាមួយកម្លាំងប្រជាការពារតាមដាននៅតាមគោលដៅសំខាន់ៗ ចូលរួមប្រតិបត្តិការ ឆែកឆេរ គ្រឿងស្រវឹង អាវុធជាតិផ្ទុះ សារធាតុញៀន ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងរៀបចំផែនការចុះមូលដ្ឋានឲ្យបានច្បាស់ ដើម្បីស្វែងរកដំណោះស្រាយតំរូវការរបស់ប្រជាពលរដ្ឋ និងចាត់វិធានការឬស្នើមកថ្នាក់ខណ្ឌឲ្យបានទាន់ពេលវេលា ជៀសវាងមានករណីកើតឡើងយើងមិនបានដឹងនិងមិនបានរាយការណ៍ ។
បន្ទាប់មកលោកអភិបាលខណ្ឌបានថ្លែងអំណរគុណចំពោះលោកលោកស្រីដែលបានចំណាយពេលចូលរួមប្រជុំនាពេលនេះប្រកបដោយការទទួលខុសត្រូវខ្ពស់៕ ដោយ មែនកំសត់