កំពង់ចាម៖ ចាប់តាំងពីរាជរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញតិ្តបានបង្កើតច្បាប់ឲ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលជា សភាជាន់ទាបនៅមូលដ្ឋាន គឺ ពីឆ្នាំ២០០២មក ពិនិត្យជារួមឃើញថា ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ គណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) បានប្រគល់សិទ្ធិក្នុងការចាត់ចែងនិងការសម្រេចនានា ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាសភាជាន់ទាប នៅមូលដ្ឋាន បានខិតខំប្រឹងប្រែងរៀបចំផែនការវិនិយោគ អភិវឌ្ឃន៍ របស់ខ្លួន ស្របតាមការណែនាំរបស់ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងផែនការ និងមានការសហការចូលរួមពីថ្នាក់ខេត្ត ស្រុក អង្គការ ដៃគូអភិវឌ្ឍន៍ ប្រជាពលរដ្ឋ សំដៅលើការអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ នៅមូលដ្ឋាន ។
ទាំងអស់នេះជាការខិតខំប្រឹងប្រែង របស់មន្ត្រីក៏ដូចជាអង្គភាពស្ថាប័នដែលពាក់ព័ន្ធ ដើម្បីធ្វើឲ្យសង្គមជាតិមានការរីកចំរើននិងធានាបានសន្តិសុខស្បៀង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួន។
យើងខ្ញុំសូមលើកនៅសកម្មភាពការងាររដ្ឋបាលឃុំ និងការអភិវឌ្ឍ នៅមូលដ្ឋានប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ហើយធ្វើការស្វែងយល់នូវសកម្មភាពការងាររបស់ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិរួមទាំងគណៈកម្មាធិការផ្សេងៗរបស់ឃុំល្វេ។
ឃុំល្វេ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នៅតាមបណ្ដោយដងទន្លេតូច មានចម្ងាយប្រមាណ១២គម ពីសាលាស្រុក មានផ្ទៃដីរូម ២៨,៥៩គីឡូម៉ែត្រក្រឡា ស្មើ២៨៥៩ហិចតាដែលមានព្រំប្រទល់៖- ខាងកើតជាប់ឃុំពាមប្រធ្នោះ/ -ខាងត្បូងជាប់ឃុំមហាលាភ និងឃុំល្វេស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង/-ខាងជើងជាប់ឃុំ កំពង់រាប មហាខ្ញូង /-ខាងលិចជាប់ឃុំព្រែកតានង់។ ចែកជា១០ភូមិនៅជាប់គ្នាតាមផ្លូវលំ មានប្រជាពលរដ្ឋ២៤៥៧គ្រួសារមនុស្សរួម ១១៦៦៧នាក់ស្រី៥៦៧១នាក់ ប្រជាពលរដ្ឋប្រកបរបរកសិកម្ម៨០% /-សិប្បកម្មតំបាញ៥% /-នេសាទ៥% /-លក់ដូរ៥%/-និងរបរផ្សេងៗ៥% ជាឃុំនៅទីជនបទ ។
ក្រោយពីមានការបោះឆ្នោតក្រុមប្រឹក្សាឃុំរយៈពេល៣អណត្តិគឺគណបក្សប្រជាជនកម្ពុជាមានសម្លេងឈ្នះជាមេឃុំគ្រប់អាណត្តិ ដោយមានលោក សាយ ស្រ៊ាង មេឃុំនិងជាប្រធានក្រុមប្រឹក្សាឃុំ គឺ លោកបានដឹកនាំការងាររដ្ឋបាលឃុំ ធានាបាននិរន្តរភាព និងការអភិវឌ្ឃបានល្អប្រសើរ ទោះជាមានការលំបាកផ្នែកសុខភាពឬឧបសគ្គក៏លោកមេឃុំស៊ូទ្រាំ មិនរាថយឡើយ ដើម្បីប្រជាពលរដ្ឋនិងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋមិនគិតពីការនឿយហត់ឡើយ។
សូមបញ្ជាក់ផងដែរថា លោក សាយ ស្រ៊ាង ត្រូវបានថ្នាក់ស្រុក ចាត់តាំងឲ្យធ្វើជាមេឃុំតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ រហូតមកទល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ក៏នៅតែមានសម្លេងគាំទ្រឈ្នះជាមេឃុំ ទាំងអស់នេះគឺជាការដឹកនាំដ៏ស្មោះត្រង់ និងមានគណនេយ្យភាព តម្លាភាព អភិបាលកិច្ច និងមិនរើសអើង ហើយប្រជាពលរដ្ឋជាច្រើនមានការចូលចិត្ត គោរពស្រឡាញ់ ពីមជ្ឈដ្ឋាន លើសកម្មភាពដ៏ល្អរបស់លោក ក្នុងនាមមន្ត្រីល្អនៅមូលដ្ឋាន និងមានការកោតសរសើរពីថ្នាក់លើទៀតផង។ សមិទ្ធផលដែលសម្រេចមានទាំងរូបវន្ត អរូបវន្ត នៅក្នុង ឃុំ រួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រកាត់ខ្វាត់ខ្វែង និងផ្នែកសំខាន់ៗ ដូចជា សន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុច បទល្មើសមានការថយចុះជាលំដាប់ ហើយថ្នាក់ឃុំបានទទួលប័ណ្ណសរសើរពីក្រសួងមហាផ្ទៃជារៀងរាល់ឆ្នាំចំណាត់ថ្នាក់លេខ១។
លើផ្នែកសុខាភិបាល លោក មេឃុំបានជំរុញ ក្នុងនាមប្រធានគណៈកម្មការមណ្ឌលសុខភាព លើការបំរើសេវា សុខភាពមាតាទារក និងលើកលែងសេវាមិនយកកម្រៃចំពោះ ជនពិការ ទីទ័លក្រ ផ្សេងៗ និងចាត់ចែងគណៈកម្មាធិការស្ត្រីកុមារឃុំដែលមានសមាជិកក្រុមប្រឹក្សាស្ត្រី១រូបជាជនបង្គោលតាមដាន ចូលរួមលើកផែនការ ប្រជុំផ្សព្វផ្សាយ លើការងារសុខភាព ការងារបញ្ជ្រាបយេនឌ័រ ហើយលើផ្នែកអប់រំថ្នាក់ឃុំក៏បានរៀបចំឲ្យមានមត្តេយ្យសហគមន៍ ១ថ្នាក់ដែលឧបត្ថម្ភដោយថិការដ្ឋបាលឃុំ និងអង្គការយូនីសេហ្វដំណើរការបានល្អមានការកោតសរសើរពីថ្នាក់ខេត្តជាថ្នាក់គំរូធានាបានវត្តមានសិស្សថេរ ដោយមានអ្នកគ្រូស្ម័គ្រចិត្តបង្រៀនបានល្អ។
នៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ គឺមានកាប្រើប្រាស់ថវិកាមូលនិធិឃុំប្រចាំឆ្នាំ និងទុនបដិភាគរបស់ពលរដ្ឋ ហើយនាឆ្នាំកន្លងមកមានគម្រោងអភិរក្សបឹងទន្លេសាបជំនួយរបស់ប្រទេសដានីដា លើការសាងសង់ធារាសាស្ត្រ ឥណទានកម្ចីជាក្រុម បង្កើតក្រុមកែលម្អជីវភាព គម្រោងដំណើរការបានល្អប្រសើរដោយមានការគ្រប់គ្រងពីគណៈកម្មការនិងមន្ត្រីជំនាញ ។ ហើយព្រមទាំងមានសប្បុរសជនក្រុមការងារបក្សស្រុក ខេត្ត បានចូលរួម យ៉ាងសស្រាក់ស្រាំ ក្នុងការអភិវឌ្ឃមូលដ្ឋានឃុំ ចំណុចដែលផ្ដោតសំខាន់ក្នុងការដឹកនាំរបស់លោកមេឃុំល្វេដែលមានប្រជាប្រីយភាពរូបនេះ គឺក្រសួងមហាផ្ទៃបានផ្ដល់នូវគម្រោងអគាររដ្ឋបាលឃុំ សម្រាប់បម្រើការងារសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របពេលគ្រប់ឃុំក្នុងស្រុកពុំទាន់មានសាលាឃុំសំរាប់ធ្វើការផង។
ទាំងអស់នេះជាស្នាដៃសកម្មភាពដ៏ល្អប្រពៃរបស់លោក សាយ ស្រ៊ាង ក្នុងការដឹកនាំ អភិវឌ្ឍន៍ ស្រុកឃុំ ភូមិ តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រីឯបញ្ហាប្រឈមនិងតម្រូវការដែលនៅសេសសល់លោកនឹងសហការបន្តជាមួយ សមត្ថកិច្ចនិងអាជ្ញាធរ គ្រប់ស្ថប័នដើម្បីអភិវឌ្ឍន៍ និងចូលរួមកាត់បន្ថយភាពក្រីក្រ ធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ តាមការភារកិច្ចរបស់រដ្ឋនិងថ្នាក់ដឹកនាំដែលបានប្រគល់ជូន៕