ព្រៃវែង៖ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានអញ្ជើញចុះពិនិត្យមើលការអភិវឌ្ឍនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកស៊ីធរកណ្តាល។
ក្នុងកិច្ចចុះត្រួតពិនិត្យក៏មានការចូលរួមពីមន្ត្រីសាលាខេត្ត មន្ទីរដែលពាក់ព័ន្ឋ លោក ម៉ននី បណ្ឌិត អភិបាលស្រុក អធិការនគរបាលស្រុក មន្ត្រីរាជការសាលាស្រុក លោកមេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ រួមនិងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
បន្ទាប់ពីលោក ម៉ននី បណ្ឌិត អភិបាលស្រុក បានធ្វើរបាយការណ៍ជំរាបជូនអំពីស្ថានភាពភូមិសាស្ត្រនិងការអភិវឌ្ឍរបស់ស្រុក បញ្ជាក់ជូនរួចមក។នាឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានមានមតិសំណេះសំណាលទៅកាន់បងប្អូននិងអ្នកចូលរួមប្រកបដោយភាពកក់ក្ដៅបំផុត ។
បន្ទាប់មកឯកឧត្តមនិងក្រុមការងារ បានធ្វើដំណើរចុះពិនិត្យ-រមណីយដ្ឋានព្រៃដើមស្រុក ដែលជាតួប្រាសាទបុរាណ មានអាយុកាលជាង៥០០ឆ្នាំ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល រួមទាំងការចុះពិនិត្យ-មើលផ្លូវក្រាលគ្រួសក្រហម ដែលកំពុងសាងសង់ មានប្រវែង៣៧៥០ម្រ៉ែត និងពិនិត្យស្ពាន ប្រវែង១៨ម្រ៉ែត ស្ថិតនៅឃុំព្រៃទឹង ជាប់ឃុំរំលេច ស្រុកស៊ីធរកណ្តាល ដែលសាងសង់ដោយកងវិស្វកម្ម និងបានមើល គំរោងស្ពានផ្សារព្រែកសណ្ដែកស្រុកស៊ីធរកណ្តាល ជាប់ព្រំប្រទល់ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ក្នុងពេលនេះដែរ ឯកឧត្តមនិងក្រុមការងារបានពិនិត្យមើលអគារសិក្សាទ្រុឌទ្រោមមួយខ្នងដែលមាន៨បន្ទប់ មិនដំណើរការ ដោយសារប្រឈមនឹងទឹកលិច គ្មានគ្រូ និងសិស្សរៀនហើយពិបាកដំណើរការក្នុងការសិក្សា។ បន្ទាប់មក ក្រុមការងារពិនិត្យមើលការបូមទឹកស្រោចស្រពស្រូវប្រាំងជាង៤០០ហិកតា ស្ថិតនៅភូមិតាង៉កទន្លេ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ដែលជាប់ព្រំប្រទល់ស្រុកពារាំង ខេត្តព្រៃវែង។
ក្រោយពីបានពិនិត្យរួចមកឯកឧត្តមក៏បានបញ្ជាក់ថា ចំពោះគំរោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ និងស្ពានឯកឧត្តមនឹងធ្វើការពាំនាំក៏ដូចជាដាក់ផែនការស្នើសុំទៅក្រសួងដែលពាក់ព័ន្ធ ដើម្បីសហការដោះស្រាយបន្តនាពេលខាងមុខទៀត៕