ភ្នំពេញ ៖ នៅថ្ងៃទី២៩ខែមករាឆ្នាំ២០១៦ នេះសាលាសង្កាត់ព្រែកលៀប នៅតែបន្តធ្វើលិខិតបញ្ចាក់សំរាប់អោយប្រជាពលរដ្នក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យកទៅប្រើដើម្បីផ្លាស់ប្ដូរ សៀវភៅស្នាក់នៅរឺហៅថាសៀភៅ ក ២យ៉ាងសកម្មនឹងយកចិត្តទុកដាក់បំផុត។
ជុំវិញករណីខាងលើនេះបើតាមការបញ្ជាក់របស់មន្ត្រីសង្កាត់ព្រែកលៀបបានឲ្យដឹងថា ដើម្បីសង្កាត់ អាជ្ញាធរភូមិ មានមូលដ្ឋានដឹងច្បាស់ពីការចេញចូលចំនួនប្រជាពលរដ្ឋ មករស់នៅនិងធ្វើការស្រង់ស្ថិតិ តាមច្បាប់រដ្ឋបាលឲ្យបានគត់ហ្មត់ពិតប្រាកដនិងងាយស្រួលក្នុងកាត់តំរឹមបញ្ជី ឯកសារខាងលើនេះគ្រាន់តែជាលិខិត បញ្ជាក់ទីលំនៅដើម្បីយកទៅបង្ហាញនគរបាលស្ថិតិ ក្នុងការបំពេញធ្វើសៀវភៅគ្រួសារដដែលយើងហៅថា សៀវភៅក៤ ជាឯកសារគតិយុត្តិភ្ជាប់ រួមនិងលិខិត អត្រានុកូលដ្ឋាន មន្ត្រីសង្កាត់ក៏បានបន្ថែមទៀតដែរថា ការបញ្ជាក់នេះតម្រូវឲ្យបង់សេវាតាមច្បាប់កំណត់ មិនមានការទារប្រាក់ក្រៅលើសច្បាប់ដែរ។
លោកក៏បានបន្តទៀតថា ពាក្យ«ក»នេះជាពាក្យអក្សកាត់មកពីគេថា ចៅសង្កាត់មេឃុំជាមន្ត្រីអត្រានុកូលដ្ឋានឬក៏ជាមន្ត្រី ក៣ (ក១ កើត ក២ ការ ក៣កប់)គឺកើតមកត្រូវយកមកចុះសំបុត្រកំណើត មិនលើសពី១ខែ(ក១) ពេលរៀបការក្រោយពេលរៀបការរួចត្រូវមកចុះសំបុត្រអាពាហ៍ពិពាហ៍(ក២) និងក៣ពេលស្លាប់ត្រូវមកសុំចុះសំបុត្រមរណភាពមិនលើសពី១ខែ បើលើសពី១ខែត្រូវសុំសាលក្រមតុលាការ ។ ចំពោះលក្ខខណ្ឌផ្សេងៗសូមស្វែងយល់លើច្បាប់អត្រានុកូលដ្ឋានបន្ថែមទៀត។
ហើយលោកក៏សូមសំណូមពរនិង អំពាវនាំវដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិខ្ទរ រួសរាន់មកបំពេញបែបបទខាងលើចំពោះអ្នកមិនទាន់មានសៀវភៅគ្រួសារក៤ និងអ្នកមករស់នៅយូរហើយពុំមានឯកសារច្បាស់លាស់ត្រូវមកបំពេញនិងទំនាក់ទំនងសង្កាត់រៀងរាល់ម៉ោងធ្វើការ៕