ព្រៃវែង៖ ទោះបីជាមានទុក្ខលំបាក ការងារមមារញឹក ឬបញ្ហាសុខភាព ក៏លោកមិនបារម្ភពីខ្លួនឯង លោកបានតែងតែគិតនិងយកចិត្តទុកដាក់នូវរាល់សកម្មភាពការងារដោយមិនខ្លាចការនឿយហត់ សក្តិសមជាអភិបាលស្រុកវ័យក្មេងនិងគំរូនៅក្នុងខេត្ត ចំណុចសកម្មភាពទង្វើល្អទាំងនេះហើយទើបប្រជាពលរដ្ឋមានជំនឿនិងកោតសរសើរមិនដាច់ពីមាត់ ។ ទើបនៅព្រឹកថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៦ នៅបរិវេណសាលាវិទ្យាល័យព្រៃដើមថ្នឹង ឃុំ ព្រៃដើមថ្នឹងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍និងគ្រឿងញៀនក្រោមអធិបតីលោកម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាល។
ពិធីនេះដែរក៏មានការចូលរួមពីលោកឡុង ប៊ុនធឿន អធិការនគរបាលស្រុក លោកអធិការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ មន្ត្រីសាលាស្រុក ប្រធាន អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុក នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ លោកនាយក នាយករង លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសរុប៨៨៤នាក់។
ក្រោយពីស្ដាប់របាយការណ៍របស់នាយកសាលាលើវិស័យអប់រំ និងសមិទ្ធិនានានៅវិទ្យាល័យ ព្រៃដើមថ្នឹងរួចមក នាឱកាសនោះលោកឡុង ប៊ុនធឿន អធិការស្រុកបានធ្វើបទបង្ហាញជូនដល់អង្គប្រជុំនូវច្បាប់ចរាចរណ៍គ្រឿងញៀនដែលមានតាមជំពូកនិងមាត្រាសំខាន់ៗហើយយលោកស្នើសុំដល់អាជ្ញាធរត្រូវបង្កើនការផ្សព្វផ្សាយអោយបានទូលាយនិងសំណូមពរដល់សិស្សានុសិស្សត្រូវចៀសផុតគ្រឿងញៀន ព្រោះថាគ្រឿងញៀនបំផ្លាញសង្គមបំផ្លាញអនាគតដូចនេះយុវជនជាទំពាំងស្នងឬស្សីត្រូវចាកផុតពីសាធាតុញៀនទាំងនោះហើយអ្នកប្រព្រឹត្តទោសទណ្ឌទៀតផង។
បន្ទាប់មកលោក ម៉ននី បណ្ឌិត អភិបាលស្រុកក៍បានបន្ថែមជូនលើការងារចរាចរណ៍យើងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ហើយម្ចាស់យានយន្តមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់រួសរាន់បំពេញអោយបានមុនថ្ងៃ១៥ខែមិនាឆ្នាំ២០១៦ចៀសវាងការផាកពិន័យ លោកអភិបាលបានបន្ថែមទៀតថាការរឹតបន្តឹងច្បាប់ចរាចរណ៍គឺដើម្បីកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍(បើកបរកុំពិសាគ្រឿងស្រវឹងបើស្រវឹងកុំបើកបរមានឯកសារគ្រប់គ្រាន់មានមួកមានកញ្ចក់មានបណ្ណបើកបរទើបនគរបាលចរាចរណ៍មិនផាកពិន័យ) ហើយចំពោះករណីគ្រឿងញៀនស្នើដល់ប្អូនៗត្រូវចៀសអោយបានព្រោះវាមានផលប៉ះពាល់ដល់សង្គមគ្រួសារខ្លួនឯងនិងមានទោស កាលណាសមត្ថកិច្ចស្រាវជ្រាវដូចនេះសូមប្អូនៗចូលរួមអនុវត្តន៍ទៅតាមច្បាប់ទើបជាយុវជនល្អក្នងសង្គម។ នាពេលនោះដែរមានសិស្សានុសិស្ស២រូបបានក្លាហានឡើងបកស្រាយនូវចម្រៀង បញ្ជាក់ពីជីវិតរបស់មនុស្សពាលនិងការប្រើប្រាស់សារធាតុញៀនគឺបទ(ទឹកភ្នែកក្មេងពាល) ធ្វើឲ្យអន្លង់អន្លោចនិងស្រក់ទឹកភ្នែក ហើយមានការសរសើរពីការយល់ដឹងរបស់ប្អូនៗ ដែលបានសម្ដែងនិងបកស្រាយពីចម្រៀងប្រកបដោយអត្ថន័យនេះ ។
បន្ទាប់មកលោកក៏បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាដែលបានចូលរួមប្រជុំផ្សព្វផ្សាយនាឱកាសនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕