ភ្នំពេញ ៖ វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ បានរៀបចំពិធីសំណេះសំណាលចុះសួរសុខទុក្ខ ពិធីនេះប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណវត្តព្រែកតាគង់ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីសំណេះសំណាលក៏មានការចូលរួមពីលោកអនុសាខាកាកបាទខណ្ឌ លោកតំណាងអភិបាលខណ្ឌ សសយកខណ្ឌ ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋសរុប១០០គ្រួសារ មកពីសហគមន៏ចំនួន០៣ រួមមានសហគមន៍ព្រែកតាប្រាក់ សហគមន៏ព្រែកតាគង់ និងសហគមន៏ភូមិថ្មី ក្នុងសង្កាត់ព្រែកតាសេក។ក្រោមអធិបតីភាពលោកជំទាវ អ៊ួន សុវណ្ណារិន ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
ក្រោយពីបានស្ដាប់របាយការណ៍របស់តំណាងអនុសាខាកាកបាទក្រហមខណ្ឌ ជ្រោយចង្វារ ស្ដីពីការអនុវត្តផែនការសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត និងកិច្ចប្រឹងប្រែងរបស់អាជ្ញាធរក៏ដូចជាការចូលរួមផ្ដល់សំភារៈ ថវិការបស់សប្បុរសជនទាំងក្នុងក្រៅស្រុកជំរាបជូនដល់គណៈអធិបតី និងអ្នកចូលរួមរួចមក ។
នាឱកាសនោះលោកជំទាវ អ៊ួន សុវណ្ណារិន ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញមានមតិសាកសួរសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ លើសពីនេះទៅទៀតលោកជំទាវ ក៏បានបញ្ជាក់ពីទិសដៅរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែនឹកគិតនិងដោះស្រាយនូវរាល់ទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានមិនប្រកាន់និងរើសអើង ឲ្យតែបានទទួលនូវរបាយការណ៍ពីបណ្ដាមូលដ្ឋាន លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសប្បុរសជនដែលបានលះបង់នូវធនធានផ្ទាល់ខ្លួនចូលរួមលើការងារមនុស្សធម៌ប្រកបដោយទឹកចិត្តស្មោះត្រង់និងតាមយុទ្ធសាស្ត្រកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ។
បន្ទាប់មកលោកជំទាវនិងក្រុមការងារបាននាំយកអំណោយមកឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ មកពីសហគមន៏ចំនួន០៣ រួមមានសហគមន៏ព្រែកតាប្រាក់ សហគមន៏ព្រែកតាគង់ និងសហគមន៍ភូមិថ្មី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ អំណោយដែលបាននាំយកមកចែកជូននាពេលនោះរួមមាន មួយគ្រួសារទទួលបាននូវ៖១.អង្ករ ២០ គីឡូក្រាម/-២.មី ០១ កេស/-៣.ធុងចម្រោះទឹកស្អាត ០១/៤.ទឹកបរិសុទ្ធឱរ៉ាល់ ០១ កេស/-៥.អាវយឺត ០១/-៦.ទឹកត្រី ០១ យួរ/-៧.ទឹកស៊ីអ៊ីវ ០១ យួរ/-៨.ទឹកដោះគោ ៦ កំប៉ុង/-៩.ស្ករស ០១ គ.ក្រ/-១០.តែ ០៥ កញ្ចប់/-១១.អំបិល ០១ កញ្ចប់/-១២.ប៊ីចេង ០១ កញ្ចប់/-១៣.ប្រេងឆា ០១ដប/-១៤.ម្សៅសាប៊ូ ០១ កញ្ចប់/-១៥.ឃីតអាហាសំរ៉ន់ ០១ឃីត (នំប៉័ង២ ទឹកដោះគោ១កំប៉ុង ទឹកសុទ្ធ១ដប ស្ករសកន្លះគីឡូ និងតែ១កញ្ចប់)និង ១៦.ថវិកា ៥៥,០០០ រៀល ៕