រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៦

03-February-2016 | ដោយ មែន កំសត់

​កំពង់ឆ្នាំង ៖​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៦ នា​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦​។ សន្និបាត​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង។

​ពិធី​សន្និបាតនោះក៏​មានការ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត តំណាង​យោធភូមិភាគ​ពិសេស ស្នងការ មេបញ្ជាការ​កងកម្លាំង​ទាំង​៣ កម្លាំង​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា អភិបាល នាយក​រដ្ឋបាល​ក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត និង​មន្ត្រី​សាលាខេត្ត មេឃុំចៅសថ្កាត់ ប៉ុស្តិ៍នគរបាល​សរុប​១៥១​នាក់​។​

បន្ទាប់មក នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​អាន​នូវ​របាយការណ៍​ស្ដីពី​ការងារ​បូកសរុប​លទ្ធផល​រដ្ឋបាល​ដែនដី ក្នុង​ខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំ​២០១៥ ដោយ​ផ្ដោតលើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការងារ​អភិវឌ្ឍន៍ ការបំរើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ជាតិ​ចុះ​មូលដ្ឋាន និង​បញ្ហា​ប្រឈម​ក៏ដូចជា​សំណូមពរ ជូន​អង្គសន្និបាត​ស្ដាប់​រួចមក​លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត កំពង់ឆ្នាំង ក៏បាន​មានមតិ ទៅកាន់​អង្គសន្និបាត​ថា លោកជំទាវ សូម​កោតសរសើរ​ចំពោះ​ការចូលរួម​កិច្ចប្រតិបត្តិការ​របស់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ដែល​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្ក្រាប​រាល់​បទ​ល្មើស​មិន​ឲ្យ​កើតមាន​ជា ទ្រង់ទ្រាយ​ធំ ថ្វីត្បិតតែ​វា​នៅមាន​បន្តិចបន្តួច តែ​យើង​ត្រូវ​រួមគ្នា បង្ក្រាប​និង​ស្រាវជ្រាវ ស្វែងរក​មុខសញ្ញា ឈានដល់​ការចាប់ខ្លួន​យកមក​ផ្ដន្ទាទោស ហើ​យ​នាឱកាស​នោះ​លោកជំទាវ ក៏បាន​សំណូមពរ ដល់​អង្គសន្និបាត ពិសេស​អាជ្ញាធរ ស្រុក​ក្រុង ឃុំ​សង្កាត់ ត្រូវ​បន្ត​កា​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព  ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​មាននៅ​មូលដ្ឋាន ហើយ​បន្ត​ការ​បំផុស​ចលនា​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ហើយ​ឲ្យ​ម្ចាស់​យានយន្ត​ត្រូវ​រួសរាន់​បំពេញ​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ ជៀសវាង​រង​នូវ​ការផាកពិន័យ នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ ។​

នាឱកាស​នោះ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង  ក៏បាន​ជំរុញ​ឲ្យ​គ្រប់​រដ្ឋបាល​ស្រុក​ក្រុង ឃុំ​សង្កាត់​មេត្តា​រៀបចំ​បង្កើត​នូវ​បច្ចេកវិទ្យា​ព័ត៌មាន​ដូចជា (​ហ្វេ​ស​បុក វ័ត​សអាប់​ឡាញ​ឃ៍​) ជាដើម ដើម្បី​តាមដាន​នូវ​រាល់​ព័ត៌មាន​របស់​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ហើយ​ស្រុក​ក្រុង ឃុំ​សង្កាត់  មាន​ភាពងាយស្រួល​ផ្ញើ​ព័ត៌មាន​ទាន់សភាពការណ៍ បាន​មុន​និង​រៀបចំ​ឯកសារ​របាយការណ៍​ជា​ផ្លូវការ​តាម​ក្រោយ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក៏បានស្នើដល់លោកលោកស្រីដែលជារដ្ឋបាលក្រុងស្រុកឃុំសង្កាត់ត្រូវបង្កើនការយកចិត្តទុកដាក់​លើការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរកុំអនុវត្តន៍ខុសពីច្បាប់របស់រដ្ឋកំណត់ពិសេសការប្រមូលកំរៃនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។​
ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមានភាពប្រក្រតីផ្សេងៗករណីនេះបើមានបញ្ហាគឺប្រធានអង្គភាពជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់និងអង្គភាពប្រឆាំងអំពើពុករលួួ។

​ក្នុងនោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សមាជិក​សមាជិកា នៃ​អង្គសន្និបាត ដែល​ចំណាយពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាពេលនេះ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕ -

ចំនួនអ្នកទស្សនា

    20236137

  • ថ្ងៃនេះ2471
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5421
  • ខែនេះ25471
  • ឆ្នាំនេះ1008691
  • សរុប20236137