ភ្នំពេញ៖ លើកឡើងនៅក្នុងពិធីបិទសន្និបាតមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញឆ្នាំ២០១៦ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ នៅមន្ទីរអប់រំ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស កំពុងមានសង្ឃឹមខ្ពស់ដោយក្ដីមោទនៈថា ប្រជាពលរដ្ឋ ជាពិសេសសិស្ស-និស្សិត ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងផ្លាស់ប្ដូរឥរិយាបថ ពីការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ប្ដូរមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់សាលារាជធានីភ្នំពេញ ដោយហេតុតែយល់ឃើញពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចណ៍ ការកកស្ទះចរាចរណ៍ ការចំណាយច្រើនទៅលើថ្លៃធ្វើដំណើរ ជាពិសេសស្របពេលជាមួយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកលែងការបង់ថ្លៃចំពោះសិស្ស-និស្សិត ព្រះសង្ឃ ចាស់ជរា កូនក្មេង ជនពិការ ដែលជាកត្តាជម្រុញឲ្យសេវាមួយមានការគាំទ្រច្រើន ។
គួរបញ្ជាក់ផងដែរថានៅពេលដ៏ខ្លីខាងមុខនេះ សាលារាជធានីភ្នំពេញនឹងទទួលបានរថយន្ដក្រុងសាធារណៈចំនួន ១៨០គ្រឿងពីរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលចិនចំនួន ១០០គ្រឿង ដើម្បីបង្កើតខ្សែររត់រហូតដល់ ១០ខ្សែរត់ ដែលបច្ជុប្បន្នរដ្ឋាករស្វយ័តរថយន្ដក្រុងសាធារណៈមានចំនួន ៥៥គ្រឿងកំពុងដំណើរការ ។ ហើយបច្ចុប្បន្ននេះសាលារាជធានីភ្នំពេញកំពុងសិក្សាជាមួយក្រុមហ៊ុន Wing ដើម្បីប្ដូរពីការប្រើប្រាស់ដោយថវិការផ្ទាល់មកប្រើប្រាស់ជាកាតប្រចាំខែ ឬប្រចាំឆ្នាំ ដើម្បីបង្កភាពងាយស្រួល និងលុបបំបាត់ភាពមិនប្រក្រតីផ្សេងៗ ៕