ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៦ បានធ្វើការណែនាំដល់គ្រឹះស្ថានអប់រំក្រោមឱវាទរបស់រដ្ឋទាំងអស់ ឱ្យចាត់វិធានការរឹតបន្តឹងក្នុងការកត់វត្តមានសិស្សនាឱកាសថ្ងៃបុណ្យចូលឆ្នាំចិន ដែលនឹងឈានមកដល់នាថ្ងៃទី ៨ ដល់ថ្ងៃទី ១០ កុម្ភៈ ខាងមុខនេះ ។
លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំយុវជន និង កីឡារាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារពត៌មានក្រោយបញ្ចប់សន្និបាតបូកសរុបការងារអប់រំរបស់មន្ទីរអប់រំនៅឆ្នាំ ២០១៥ និង ទិសដៅឆ្នាំ ២០១៦ ថានាពេលនេះមន្ទីរ បានធ្វើការណែនាំដល់គ្រប់សាលាត្រូវមានការរឹតបន្តឹងដល់សិស្សានុសិស្សទាំងអស់មិនឱ្យឈប់ខុសពីថ្ងៃឈប់សម្រាកបុណ្យទានរដ្ឋនោះទេ ។ ការបណ្តែតបណ្តោយឱ្យសិស្សធ្វើបែបនេះនិងមិនត្រឹមបង្កការប៉ះពាល់ដល់ការរៀនសូត្រទេ ប៉ុន្តែវានៅជាទម្លាប់មិនល្អដល់ពួកគេថែមទៀត ។
លោកស្រីថា “នៅថ្ងៃបុណ្យចូលឆ្នាំចិននេះយើងត្រូវពង្រឹងវិន័យដល់ លោកគ្រូ អ្នកគ្រូ ត្រូវមកបង្រៀនឱ្យបានជាប់លាប់ជាប្រចាំ និង គ្រប់ម៉ោង ហើយបើសិស្សអវត្តមានក៏ដោយ គ្រូក៏ត្រូវមកបង្រៀនដាច់ខាតដែរ” ។ ដោយឡែកអ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡាលោករស់ សាលីន បានឱ្យដឹងដែរថាការបង្កើនការគ្រប់គ្រងបញ្ជីវត្តមាននេះ ដើម្បីកុំឱ្យសិស្សានុសិស្សឈប់ច្រើនដែលនាំឲ្យប៉ះពាល់ដល់គុណភាព វិស័យអប់រំ ។
ករណីសិស្សានុសិស្សឈប់ទាំង ៣ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ នេះ នឹងធ្វើឱ្យសិស្សរៀនអត់ទាន់ ចំណែកលោកគ្រូអ្នកគ្រូមិនអាចរំលឹកមេរៀនឡើងវិញជូនពួកគេបានឡើយ បន្ទាប់ពីត្រលប់មកចូលរៀនវិញ ។ ជាមួយគ្នានេះសិស្សដែលបានឈប់នោះ នឹងមានបញ្ហា បែកអារម្មណ៍អស់កម្លាំងក្នុងការរៀនសូត្រ ដែលអាចនាំឱ្យពួកគេរៀនចុះខ្សោយជាងសិស្សដែលបានមករៀនទៀងទាត់មានវិន័យល្អ ។
ទោះបីយ៉ាងណាលោកបានថ្លែងដែរថាក្រសួងអប់រំពុំមានផែនការដាក់ទោសទណ្ឌដល់សិស្សដែលបានឈប់ក្នុងថ្ងៃបុណ្យចូលឆ្នាំ ចិន វៀតណាមនោះទេ ។ ប៉ុន្តែយ៉ាងណាគ្រប់សាលាទាំងអស់ និង អនុវត្តតាមបទបញ្ជាផ្ទៃក្នុងរៀងៗខ្លួន ដូច្នេះអាណាព្យាបាលគួរតែផ្តល់ឱកាសឱ្យកូនទៅរៀនឲ្យបានទៀងទាត់ ជៀសជាងឲ្យកូនឈប់សំរាកទៅដើរកំសាន្ត ។ ទោះជាយ៉ាងនេះក្តីក្រសួងត្រូវតែរឹតបន្តឹងឲ្យខានតែបានដោយសារតែវាពុំមែនជាប្រពៃណីជាតិ ហើយពុំមែនជាថ្ងៃឈប់សំរាកដែលទទួលស្គាល់ដោយរដ្ឋ ៕