ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅចំណុចផ្សារដើមអំពិល លើកំណាត់ ផ្លូវលេខ១៩២៨(វិថីឧកញ៉ា ម៉ុងឬទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌដសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយយកចិត្តទុកដាក់ពីលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោក ថេង សុថុល អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យក្នុងផ្សារ។
គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីណែនាំអោយបងប្អូនអាជីវករ បញ្ឈប់ការប្រកបអាជីវកម្មដាក់តាំងលក់ដូរទំនិញនៅលើចិញ្ចើមផ្លូវ សាធារណៈយ៉ាងអនាធិបតេយ្យបន្តទៀត។ ក្នុងករណីមិនអនុវត្តតាមការណែនាំទេ អាជ្ញាធរខណ្ឌនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមិនទទួល ខុសត្រូវរាល់ការខូចខាត បាត់បង់សម្ភារ និងទ្រព្យសម្បត្តិនោះឡើយ ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរនៅផ្លូវលេខ១៩២៨ មានការសប្បាយរីករាយជាខ្លាំងជាមួយសកម្មភាពរបស់អាជ្ញាធរខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននេះ ។
ជាមួយនេះ អាជ្ញាធរខណ្ឌសែនសុខ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយ អាជ្ញាធរខណ្ឌក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អោយបានល្អស្អាត ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌរបស់យើង ។