ព្រៃវែង៖ ដោយអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០១៦គណៈបញ្ជាការឯកភាពស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។បានរៀបចំវេទិកាសាធារណៈភូមិឃុំមានសុវត្ថិភាពក្នុងគោលបំណងធ្វើការផ្សព្វផ្សាយអំពីការងារភូមិឃុំមានសុវត្ថិភាព
និងការចែកអត្តសញ្ញាណប័ណ្ណដែលបានធ្វើរួចនិងថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី នៅវត្តតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
កិច្ចប្រជុំមានករចូលរួមពីលោកឡុង ប៊ុនធឿន អធិការ នគរបាលស្រុក លោកស៊ានចិន្តាមន្ត្រីរដ្ឋបាលស្រុក លោកអធិការរង លោកមេឃុំ ក្រុមប្រឹក្សាឃុំ នាយកនាយករដសាលាបឋមសិក្សា ប្រធានការិយាល័យសាលាស្រុក មណ្ឌលសុខភាពឃុំ តំណាងអាចារ្យគណៈកម្មការវត្ត មេភូមិ មន្ត្រីប៉ុស្តិ៍នគរ របាលឃុំ និងប្រជាពលរដ្ឋចូលរួមប្រមាណ ១៧៦នាក់ (ប្រុស ៤៥នាក់ ស្រី ១៣១នាក់) ផងដែរ។
វេទិកាសាធារណៈប្រារព្វឡើងក្រោមអធិបតីភាពលោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស៊ីធរកណ្ដាល។
ជាការចាប់ផ្ដើមវេទិកាសាធារណៈលោក ស៊ានចិន្តា មន្ត្រីរដ្ឋបាលស្រុក បានធ្វើរបាយការណ៍ស្ដីពីសកម្មភាពដឹកនាំរបស់លោកអភិបាលវ័យក្មេង ម៉ននី បណ្ឌិត រយៈពេលនៃការចូលកាន់តំណែងគឺការដឹកនាំរួមទាំងសមត្ថកិច្ចក្នុងក្របខណ្ឌស្រុកទទួលបានពីការកោតសរសើរនិងអភិវឌ្ឍន៍ស្រុក ធានាបានស្ថេរភាពសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ហើយបានកែប្រែមុខមាត់ស្រុកមានការរីកចម្រើនគ្រប់វិស័យ លោកក៏បានបញ្ជាក់ជូនដល់អង្គវេទិកា នូវបញ្ហាក៏ដូចជា ទិសដៅរួមរបស់ស្រុកសំរាប់ពេលខាងមុខ គឺទទួលដោះស្រាយជីវភាពជូនពលរដ្ឋនិងមានសុខសន្តិភាពសុវត្ថិភាពនៅមូលដ្ឋានគ្រប់ឃុំក្នុងស្រុក។
បន្ទាប់មកលោកឡុង ប៊ុនធឿន អធិការ នគរបាលស្រុក បានមានមតិជំរាបជូនប្រជាពលរដ្ឋដែលចូលរួម នូវការងារគោលនយបាយភូមិឃុំមានសុវត្ថិភាព ដែលមានចំនួន៩ចំណុច ដូចជា៖
-១-គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ/២-គ្មានការចែកចាយដាំដុះផលិតគ្រឿងញៀនខុសច្បាប់/៣-គ្មានក្មេងទំនើង/៤-គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ គ្មានការប្រើប្រាស់អាវុធជាតិផ្ទុះគ្រប់ប្រភេទ/៥-គ្មានអំពើអនាចារ្យការជួញដូរស្ត្រីកុមារ អំពើហឹង្សាគ្រួសារ/៦-គ្មានគ្រោះថ្នាក់ចរាចរណ៍/៧-គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (មីន--)/៨-មានវិធានការទប់ស្កាត់គ្រប់គ្រងគ្រោះមហន្តរាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់/៩-គ្មានករត្រួតពិនិត្យខុសច្បាប់(កុងត្រូលជជុះ) លោកអធិការស្រុកក៏បានបញ្ជាក់ជូនទៅតាមចំណុចលំអិតនិងសំណូមពរឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នាទើបសង្គមមានការរីកចម្រើន។
នាឱកាសនោះដែរ លោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស៊ីធរកណ្ដាលបានមានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋនិងបានមានមតិបន្ថែមនិងស្នើសុំឲ្យសមត្ថកិច្ចបន្តការសហការគ្នាលើការប្រតិបត្តិការបង្ក្រាបបទល្មើសដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាននិងបញ្ហាប្រឈមនានាក៏ដូចជា សំណូមពរដែលគណៈបញ្ជាការឯកភាពស្រុកនឹងខិតខំបន្តការដោះស្រាយឲ្យបានតាមលទ្ធភាពដែលមានហើយបើសំណូមពរធំៗនិងពាំនាំស្នើទៅថ្នាក់ខេត្ត ជាតិជួយដោះស្រាយបន្ត ចំពោះលើការប្រតិបត្តិការបង្ក្រាបបទល្មើសដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបងប្អូនប្រជាពលរដ្ឋត្រូវជួយផ្ដល់ព័ត៌មាន ជៀសវាងមានករណីកើតឡើងយើងមិនបានទប់ស្កាត់បានទាន់ពេល ហើយបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទដែលបានផ្សព្វផ្សាយ មកកាន់មេភូមិ ប៉ុស្ត៍ ហើយវេទិកានេះមិនមែនរៀបចំតែម្ដងទេក្នុង១ឆ្នាំគឺថ្នាក់ស្រុកឃុំ ត្រូវរៀបជុំឲ្យបាន៣ដងយ៉ាងហោចណាស់។ដូចនេះសូមបងប្អូនមេត្តាទទួលជ្រាបហើយបើមានបញ្ហាប្រឈមត្រូវ ហ៊ានលើកឡើងដើម្បីយើងធ្វើការកែតម្រូវនូវចំណុចអសកម្មទាំងឡាយនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ។
បន្ទាប់មកក្រុមការងារបានចែកអត្តញ្ញាណប័ណ្ណធ្វើរួច គំរូថ្មីចំនួន៤០៦សន្លឹកដល់អ្នកចូលរួមនិងបានណែនាំឲ្យរក្សាទុកវាជាឯកសារគតិយុត្តិសម្រាប់ការប្រើប្រាស់បើសិនករណីខូចរឺបាត់សូមរាយការណ៍មកសមត្ថកិច្ចជៀសវាងមានបញ្ហាសាម៉ីខ្លួនមិនបានដឹង។
នៅទីបញ្ជប់លោក អភិបាលស្រុកវ័យក្មេងក៏បានថ្លែងអំណរគុណចំពោះបងប្អូនសមាជិកសមាជិកាដែលបាន ចូលរួមក្នុវវេទិកាថ្ងៃនេះប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕