ព្រៃវែង ៖ថ្ងៃទី០៧ មករា ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីឆ្លងសមិទ្ធផលនានា និង កាត់ឬសសីមា នៅវត្តបទុមមុនីសុគន្ធារាម ហៅវត្តខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ក្នុងពិធីនោះដែរមានការនិមន្តចូលរួមពីព្រះសង្ឃ មន្ត្រីសាលាស្រុក កម្លាំងប្រដាប់អាវុធក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយកនាយករង លោកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សរូមទាំងពុទ្ធបរិស័ទ្ធប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
តាមរយៈការធ្វើរបាយការណ៍របស់គណៈកម្មការវត្ត និងអាជ្ញាធរឃុំពិនិត្យឃើញថា ប្រមាណជា៥ឆ្នាំចុងក្រោយនេះវត្តបទុមមុនីសុគន្ធារាម ហៅវត្តខ្នារ បានកសាងនូវសមិទ្ធផលជាច្រើនដូចជា ក្រាលសាបលើទីធ្លាក្នុងវត្ត ជួសជុលដំបូលឧបដ្ឋានសាលាកុដិ ក្លោងទ្វារ ក្រាលការ៉ូ ឥដ្ឋកន្សែងលើព្រះវិហារ បង្គន់អនាម័យ របងសាលាបឋម សាលាអនុវិទ្យាល័យ និង ជួសជុលព្រះវិហារស្ទើរតែទាំងស្រុង ដែលចំណាយថវិកាប្រមាណ ៤៦៣,៨៧២,០០០ រៀល។
ថ្លែងក្នុងឱកាសនេះ លោក ម៉ននី បណ្ឌិតអភិបាលនៃគណៈភិបាលស្រុកបានសំណេះសំណាល ជាមួយអ្នកចូលរួម មានព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ និង បានសំដែងនូវការកោតសរសើរដល់ព្រះគ្រូសីលសំវរោ សាន់ ឡេ ព្រះចៅអធិការវត្តបទុមមុនីសុគន្ធារាម ដែលមានដឹកនាំ ចំណុះជើងវត្តកសាងបាននូវសមិទ្ធផលបានច្រើនបែបនេះ ហើយលោកអភិបាលបានឱ្យតម្លៃខ្ពស់ទៅលើវិស័យសាសនាថា ជាវិស័យមួយដែលបានរួមចំណែកយ៉ាងច្រើនក្នុងការអប់រំសីលធម៌ និងការអភិវឌ្ឍសង្គមកម្ពុជា។លោកអភិបាលក៏បានបន្ថែមស្នើឲ្យអាជ្ញាធរសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់លើការការពារសន្តិសុខនាឱកាសបុណ្យឆ្លងសមិទ្ធផលនេះឲ្យបានល្អប្រសើរ ហើយបើមានកើតករណីបទល្មើសត្រូវសហការទប់ស្កាត់និងស្វែងរកជនបង្កយកមកទទួលទោសឲ្យបានបន្ទាប់មកលោកអភិបាលបានចូលរួមកាត់ឬសសីមាដើម្បីឆ្លងនិងដាក់ដំណើរការសមិទ្ធិនានាហើយសូមជូនពរឲ្យកម្មវិធីបុណ្យប្រព្រឹត្តទៅប្រកបដោយភាពរីករាយកក់ក្ដៅបំផុត៕