ភ្នំពេញ៖លោក ពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យ បានបង្ហាញពីការ សូមចូលរួមសោកស្តាយសម្រាប់ប្រជាពលរដ្ឋ ៤១២នាក់ ស្ថិតនៅក្រុមទី ៣៧-៣៨ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរងការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ ដោយហេតុការណ៍អគ្គីភ័យកើតឡើងកាលពីវេលាម៉ោង ១២និង៤៥នាទីរំលងអាធ្រាត្រ នាយប់ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ ឈានចូលថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។
លោកអភិបាលខណ្ឌក៏បានថ្លែងថា ក្នុងព្រឹត្តការណ៍នោះ ខ្ញុំបាទ និងកម្លាំងសមត្ថកិច្ចរបស់យើងពិតជាបានខិតខំខ្នះខ្នែងជួយបងប្អូនណាស់ តែអកុសលនៅតែជួយសង្គ្រោះមិនបានទាល់ពេលវេលា បណ្តាលអោយខូចទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់បងប្អូន អ៊ុំ ពូ ម៉ីង លោកយាយ លោកតា រហូតដល់ ៩៧ខ្នងផ្ទះ និង៨០គ្រួសារ ដោយហេតុថា ពុំមានច្រកផ្លូវណាមួយមានភាពងាយស្រួលសម្រាប់ការចល័តរថយន្តពន្លត់អគ្គីភ័យចេញចូលជួយបានស្រួលបួល ។ រថយន្តពន្លត់អគ្គីភ័យទាំងអស់បានធ្វើការចតនៅនឹងផ្លូវជាតិលេខ២ ធ្វើការពង្រាយទុយោចេញទៅទីតាំងឆេះមានចំងាយឆ្ងាយរហូតដល់ជាង ២០០ម៉ែត្រ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២៥គ្រឿង អូប៊័រ ០២គ្រឿង អន្តរាគមន៍បាញ់ទឹកពីក្នុងទន្លេបាសាក់ ។ លោកក៏បានបន្តទៀតថា ប៉ុន្តែអ្វីដែលខ្ញុំសប្បាយចិត្តនោះ គឺបងប្អូន អ៊ុំ ពូ ម៉ីង លោកយាយ លោកតា មិនមានអ្នណាម្នាក់រងរបួស ឬបាត់បង់ជីវិតជាមួយនឹងហេតុការណ៍នេះឡើយ ។
ជាមួយគ្នានេះដែរ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋគ្រប់រូប និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានបង្កលក្ខណៈសហការជួយពន្លត់អគ្គិភ័យនេះមិនអោយរីករាលដាលបន្តទៀតបាន បើទោះជាធាតុអាកាសនៅពេលនោះមានរាងត្រជាក់បន្តិចក្តី ៕