ភ្នំពេញ៖ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយយកចិត្តទុកដាក់ពីលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មីបានបន្តចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យនៅចំណុចផ្សារដើមអំពិល លើកំណាត់ផ្លូវលេខ១៩២៨(វិថីឧកញ៉ា ម៉ុងឬទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានកាត់យ៉ាប រុះរើសម្ភារៈ ទំនិញដែលបងប្អូនអាជីវករដាក់តាំងលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ។
យោងតាមប្រភពពីមន្ត្រីបានឲ្យដឹងថាការចាត់វិធានការរដ្ឋបាលនេះ បន្ទាប់ពីអាជ្ញាធរខណ្ឌបានជូនដំណឹងអោយបញ្ឈប់ការដាក់តាំងលក់ដូរទំនិញរំលោភលើចិញ្ចើមផ្លូវសាធារណៈជាច្រើនលើកមកហើយ ប៉ុន្តែបងប្អូនអាជីវករនៅតែមិនអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរដដែល ។ ជាមួយនេះ អាជ្ញាធរខណ្ឌសែនសុខ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយ អាជ្ញាធរខណ្ឌក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អោយបានល្អស្អាត ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានខណ្ឌរបស់យើង ៕