កំពង់ធំ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ចើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលមន្ទីរ រ៉ែនិង ថាមពលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦នៅសាលាខេត្តកំពង់ធំ។
ក្នុងពិធីនោះដែរក៏មានវត្តមានចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ រដ្ឋបាលឃុំ រួមទាំងមន្ត្រីរាជការ ដែលបំរើការក្នុងស្ថាប័ន និងប្រជាពលរដ្ឋចូលរួមជាច្រើនកុះករផងដែរ។
ក្រោយពីបានស្ដាប់ របាយការណ៍របស់លោក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ស្ដីពីដំណើរការនិងការសាងសង់សមិទ្ធផលនានា ប្រវត្តិត្រួសៗនៃការបង្កើតនិងសកម្មភាពនានាដែលសម្រេចនិងសហការជាមួយអាជ្ញាធរ នាឱកាសនោះឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានមតិនិងពាំនាំ នូវការសួរសុខទុក្ខរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនទៅកាន់បងប្អូននិង អ្នកចូលរួម។
ឯកឧត្តមក៏បានលើកឡើងអំពីការអភិវឌ្ឍរបស់ប្រទេស ការធ្វើកំណែទម្រង់មន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិ ដោយយោងតាមអភិក្រមដ៏ខ្ពង់ខ្ពស់នៃគោលដៅអភិវឌ្ឃន៍ របស់រាជរដ្ឋាភិបាល ដែលជាអនុសាសន៍ស្ថាបនាដល់មន្ត្រីត្រូវតែប្រតិបត្តិតាមលើគោលការណ៍ សំខាន់ៗ រួមមាន៖«ងូតទឹក ដុសក្អែល សំអាតកាយ ឆ្លុះកញ្ចក់និងព្យាបាលបើមិនជាសះ សង្គ្រោះបន្ទាន់» គោលការណ៍នេះក្រសួងមហាផ្ទៃដែលជាសេនាឲ្យប្រមុខរដ្ឋាភិបាលបាន ប្រតិបត្តិនិងបន្តការតាមដាននូវរាល់ចំណុចរបស់មន្ត្រី ដែលតែងតែប្រព្រឹត្តកំហុសឆ្គងផ្សេងៗ ហើយជាក់ស្ដែង ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់មន្ទីររ៉ែថាមពលខេ្តត្តមេត្តាបង្កើនការយកចិត្តទុកដាក់លើសកម្មភាពការងារនិងចូលរួមការអនុវត្តន៍ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាបានសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អ ហើយបើមានភាពប្រក្រតីសូមមេត្តាបញ្ឈប់ជាបន្ទាន់។
ជាចុងក្រោយ ឯកឧត្តម លោក លោកស្រីដែលជាសម្បុរសជនបានចូលរួមកាត់ខ្សែបូ ជានិមិ្មត្តរូប សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាលមន្ទីរ រ៉ែនិង ថាមពលខេត្តកំពង់ធំ ប្រកបដោយភាពរីករាយយ៉ាងក្រៃលែង៕