ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍បន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យការបើកបរទាំង ស្រវឹងចំនួន៥គោលដៅដដែល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង៣ ទៀបភ្លឺ។
របាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ ៥គោលដៅនេះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ, ខណ្ឌសែនសុខ, ខណ្ឌដូនពេញ និងខណ្ឌ៧មករា,និងខណ្ឌព្រែកព្នៅ។
កន្លងមកតាមការបញ្ជាក់ ឲ្យដឹងពីឧត្តមសេនីយ៍ រុន រ័ត្នវាសនា រៀងរាល់ថ្ងៃកម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្តដាក់ជាប់ជាប្រចាំនៅតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ហើយការប៉ុស្តិ៍ត្រួតពិនិត្យនេះ កម្លាំងនគរបាលធ្វើការផ្តោតសំខាន់លើការពិនិត្យល្បឿន និងបាញ់ល្បឿនយានយន្ត។
យោងតាមលទ្ធផលត្រួតពិនិត្យអ្នកបើកបរ ស្រវឹងនៅថ្ងៃទី១១ ខែកុម្ភៈ បានបង្ហាញថា សមត្ថកិច្ចឃាត់ខ្លួន បានអ្នកបើក បរស្រវឹង ៤នាក់ ប្រើប្រាស់ម៉ូតូទាំង៤នាក់ក្នុងកំរិត ០,៤៥ ដល់ ១,៣០។
យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យប្រជាពលរដ្ឋ បើកបរតាមល្បឿនកំណត់ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕