កណ្ដាល៖នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាខេត្តកណ្តាល បានប្រារព្វពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តកណ្តាលក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានផ្តល់អានុសាសន៏ដល់អង្គសន្និបាត ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា សំដៅបន្តអភិវឌ្ឍន៏ខេត្តកណ្តាលឲ្យមានការអភិវឌ្ឍរីកចម្រើនថែមទៀត រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកណ្តាល មន្ទីរ អង្គភាពនានា ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ និងពង្រឹងសាមគ្គីភាពក្នុងចំណោមថ្នាក់ដឹកនាំ ផ្អែកលើគោលការណ៏ច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។ មន្ត្រីគ្រប់រូបត្រូវបំពេញការងារឲ្យបានត្រឹមត្រូវតាមលក្ខឃណ្ឌការងារដែលបានកំណត់ និងគោរពឲ្យបានត្រឹមត្រូវនូវបទបញ្ជាផ្ទៃក្នុង វិស័យ ក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមន្ត្រីរាជការ សំដៅបង្កើនប្រសិទ្ធការងារ និងភាពថ្លៃថ្នូរ៕