កំពង់ចាម៖នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចបរិវេណរមណីយដ្ឋាន ភ្នំស្រី ភ្នំប្រុសស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សួនច្បារ និងរូបសំណាក់ភ្នំប្រុស ភ្នំស្រី ក្រោមអធិបតីភាពឯកឧត្តម លន់ លឹមថៃអភិបាលខេត្តកំពង់ចាម។
ក្នុងពិធីនោះដែរក៏មានការនិមន្តចូលរួមពីព្រះសង្ឃ ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ រួមនិងគណៈកម្មការអាចារ្យ ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នាឱកាសនោះលោកគឹម ឌីអភិបាលស្រុកកំពង់សៀមបានថ្លែងរបាយការណ៍ស្វាគមន៍ទៅកាន់គណៈអធិបតីនិងអ្នកចូលរួម ដោយបានបញ្ជាក់ជូនថា៖សមិទ្ធផលសួនច្បារនិងរូបសំណាក់ភ្នំប្រុស ភ្នំស្រីនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមលន់ លឹមថៃ អភិបាលខេត្ត រួមនិងសប្បុរសជនក្នុងក្រៅស្រុក វាជានិម្មិតរូបមួយរបស់ខេត្តផងដែរ និងរំលឹកនូវប្រវត្តិមិនអាចបំភ្លេចបានទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរ របៀបការស្ដីដណ្ដឹងកូនចៅ កាលដើមឡើយនៅលើទឹកដីខ្មែរ។ប្រវត្តិទាំងនេះសម្រាប់ជាកេរតំណែលដល់កូនខ្មែរជំនាន់ក្រោយនិងជាស្នាដៃប្រវត្តិសាស្ត្រសំខាន់ៗរបស់ថ្នាក់ដឹកនាំនាសម័យមុននិងបច្ចុប្បន្ន លោកអភិបាលក៏បានបន្តទៀតដែរថា សមិទ្ធផលរមណីយដ្ឋានស្រស់បំព្រងមួយនេះគឺទទួលបានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍កើនឡើងជាលំដាប់សំដៅលើកកំពស់មុខមាត់ខេត្តនិងស្រុក។
បន្ទាប់មកឯកឧត្តម លន់ លឹមថៃអភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងអំពីការអភិវឌ្ឍរបស់ប្រទេស ការធ្វើកំណែទម្រង់មន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិ ដោយយោងតាមអភិក្រមដ៏ខ្ពង់ខ្ពស់នៃគោលដៅអភិវឌ្ឃន៍ របស់រាជរដ្ឋាភិបាល ដែលជាអនុសាសន៍ស្ថាបនាដល់មន្ត្រីត្រូវតែប្រតិបត្តិតាមលើគោលការណ៍ សំខាន់ៗ រួមមាន៖«ងូតទឹក ដុសក្អែល សំអាតកាយ ឆ្លុះកញ្ចក់និងព្យាបាលបើមិនជាសះ សង្គ្រោះបន្ទាន់» គោលការណ៍នេះក្រសួងមហាផ្ទៃដែលជាសេនាឲ្យប្រមុខរដ្ឋាភិបាលបាន ប្រតិបត្តិនិងបន្តការតាមដាននូវរាល់ចំណុចរបស់មន្ត្រី ដែលតែងតែប្រព្រឹត្តកំហុសឆ្គងផ្សេងៗ ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់មេត្តាបង្កើនការយកចិត្តទុកដាក់លើការអនុវត្តន៍ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាបានសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានប្រសើរ ពិសេសសម្ដេចសំណូមពរយ៉ាងទទូចដល់លោកមេឃុំ ស្មៀន មេភូមិ នគរបាលប៉ុស្តិ៍ មេត្តាបង្កើនលើការផ្ដល់សេវារដ្ឋបាលឯកសារនានាជូនប្រជាពលរដ្ឋឲ្យបាន ដិតដល់ ដោយអនុវត្តន៍តាមច្បាប់នៃការបង់កម្រៃសេវា ជៀសវាងការរិះគន់ ព្រោះថា សម្ដេចតេជោបានទទួលព័ត៌មានច្រើនណាស់លើភាពមិនប្រក្រតីលើការបំរើសេវា នេះ គឺទារលុយលើសច្បាប់មិនឲ្យបង្កាន់ដៃ ដោយបងប្អូនគាត់ផ្ដល់តាមរយៈហ្វេសបុក ពិសេសនៅតាមសង្កាត់ មួយចំនួន ដែលជាទីប្រជុំជន ហើយបើមានភាពមិនប្រក្រតីសូមមេត្តាបញ្ឈប់ជាបន្ទាន់។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តរួមនិង លោក លោកស្រីដែលជាសម្បុរសជនបានចូលរួមកាត់ខ្សែបូ ជានិមិ្មត្តរូប សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តបុ ទមស្វាយអន្ទរ ប្រកបដោយភាពរីករាយយ៉ាងក្រៃលែង៕