ត្បូងឃ្មុំ៖ ដើម្បីអបអរសាទរពិធីបុណ្យឆ្លង និងសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធិផលនានា នៅភូមិអភិវឌ្ឍន៍សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២១ និង២២ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ជាពិសេសដើម្បីធ្វើអោយមានសោភ័ណ្ឌភាព បរិស្ថានស្អាត អនាម័យល្អ ក្នុងការចូលរួមចំណែកធ្វើការអភិរក្ស នូវបរិស្ថានធម្មជាតិអោយមានសោភ័ណ្ឌភាពល្អ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ក៍ដូចជាអន្តរជាតិនោះ ៖ នាព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីរាជការក្រោមឳវាទ ចុះធ្វើការសម្អាតបរិស្ថាននៅតំបន់ភូមិអភិវឌ្ឍន៍សម្ដេច ហេង សំរិន អន្លង់ជ្រៃ ដែលស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា៖ ក្នុងសកម្មភាពសម្អាតបរិស្ថាននេះ មានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តត្បូងឃ្មុំ កងកម្លាំងប្រដាប់អាវុធ យុវជនគណបក្សខេត្ត ស.ស.យ.កខេត្ត កាកបាទក្រហមកម្ពុជាខេត្ត កាយរិទ្ធិ និងសិស្សានុសិស្សចូលរួមប្រមាណជាង៧០០នាក់ ៕