ភ្នំពេញ៖នៅរសៀលថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និង លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានប្រជុំផ្សព្វផ្សាយភូមិ-សង្កាត់មានសុវត្តិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។
កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រី សមាជិកក្រុមប្រឹក្សា មេភូមិ មេភូមិរង សមាជិកភូមិ យុវជន លោកស្រីជាមន្ត្រីប៉ុស្តិ៍នគរបាល នាយកនាយករងសាលាបឋមសិក្សា តំណាងអាចារ្យគណៈកម្មការវត្ត និងប្រជាពលរដ្ឋចូលរួមជាច្រើន ផងដែរ។
ជាការចាប់ផ្ដើមវេទិកាសាធារណៈលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានធ្វើរបាយការណ៍ស្ដីពីសកម្មភាព ការដឹកនាំរួមរបស់អាជ្ញាធរទាំងសមត្ថកិច្ចក្នុង ក្របខណ្ឌ សង្កាត់ខណ្ឌ ធានាបានស្ថេរភាពសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ហើយបានកែប្រែមុខមាត់ស្រុកមានការរីកចម្រើនគ្រប់វិស័យ លោកក៏បានបញ្ជាក់ជូនដល់អង្គវេទិកា នូវបញ្ហាក៏ដូចជា ទិសដៅរួមរបស់ស្រុកឃុំ។សំរាប់ពេលខាងមុខ គឺទទួលដោះស្រាយជីវភាពជូនពលរដ្ឋនិងមានសុខសន្តិភាពសុវត្ថិភាពនៅ មូលដ្ឋានគ្រប់ឃុំក្នុងស្រុក។
បន្ទាប់មកលោក អែម សុខលាង បានមានមតិជំរាបជូនប្រជាពលរដ្ឋដែលចូលរួម នូវការងារគោលនយបាយភូមិឃុំមានសុវត្ថិភាព ដែលមានចំនួន៩ចំណុច ដូចជា៖
-១-គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ/២-គ្មាន ការចែកចាយដាំដុះផលិតគ្រឿងញៀនខុសច្បាប់/៣-គ្មានក្មេងទំនើង/៤- គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ គ្មានការប្រើប្រាស់អាវុធជាតិផ្ទុះគ្រប់ប្រភេទ/៥-គ្មានអំពើអនាចារ្យ ការជួញដូរស្ត្រីកុមារ អំពើហឹង្សាគ្រួសារ/៦-គ្មានគ្រោះថ្នាក់ចរាចរណ៍/៧-គ្មានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (មីន--)/៨-មានវិធានការទប់ស្កាត់គ្រប់គ្រងគ្រោះមហន្តរាយនិងឆ្លើយតប ប្រកបដោយប្រសិទ្ធភាពខ្ពស់/៩-គ្មានករត្រួតពិនិត្យខុសច្បាប់( កុងត្រូលជជុះ) លោក ក៏បានបញ្ជាក់ជូនទៅតាមចំណុចលំអិតនិងសំណូមពរឲ្យ អាជ្ញាធរនិងប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នាទើបសង្គម មានការរីកចម្រើន។
នាឱកាសនោះដែរ លោកនាយប៉ុស្ត៍ ក៏បានមានមតិបន្ថែមទៅកាន់បងប្អូនប្រជាពលរដ្ឋស្នើសុំឲ្យ សមត្ថកិច្ចបន្តការសហការគ្នាលើការប្រតិបត្តិការបង្ក្រាបបទល្មើស ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាននិងបញ្ហាប្រឈមនានាក៏ដូចជា សំណូមពរដែលគណៈបញ្ជាការឯកភាព នឹងខិតខំបន្តការដោះស្រាយឲ្យបាន តាមលទ្ធភាពដែលមានហើយបើសំណូមពរធំៗនិងពាំនាំស្នើទៅថ្នាក់ស្រុក ជាតិជួយដោះស្រាយបន្ត ចំពោះលើការប្រតិបត្តិការបង្ក្រាបបទល្មើសដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបងប្អូនប្រជាពលរដ្ឋត្រូវ ជួយផ្ដល់ព័ត៌មាន ជៀសវាងមានករណីកើតឡើងយើងមិនបានទប់ស្កាត់បានទាន់ពេល ហើយបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទដែលបានផ្សព្វផ្សាយ មកកាន់មេភូមិ ប៉ុស្ត៍ ហើយវេទិកានេះមិនមែនរៀបចំតែម្ដងទេក្នុង១ឆ្នាំគឺថ្នាក់សង្កាត់ខណ្ឌ ត្រូវរៀបជុំឲ្យបាន៣ដងយ៉ាងហោចណាស់។ដូចនេះសូមបងប្អូនមេត្តាទទួល ជ្រាបហើយបើមានបញ្ហាប្រឈមត្រូវ ហ៊ានលើកឡើងដើម្បីយើងធ្វើការកែតម្រូវនូវចំណុចអសកម្មទាំងឡាយនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ។
នៅទីបញ្ចប់លោក ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនសមាជិកសមាជិកាដែល បាន ចូលរួមក្នុងវេទិកាថ្ងៃនេះប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕