ព្រៃវែង ៖នារសៀលថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ២០១៦ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានកិត្តិយសសាខា និង ឯកឧត្តម ហាស់ សារ៉េត ប្រធានគណ:កម្មាធិកាសាខា និងក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនដល់កុមារកំព្រាដែលងាយរងគ្រោះដោយមេរោគអេដស៍ជម្ងឺអេដស៍ ចំនួន ២៣នាក់ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង និងធ្វើការផ្សព្វផ្សាយសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០១៦ ។
ពិធី សំណេះសំណាលក៏មានការចូលរួមពីលោកអនុសាខាកាកបាទស្រុក លោកតំណាងអភិបាលស្រុក សសយកស្រុក ក្រុមប្រឹក្សា ឃុំ យុវជនសង្កាត់ឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋ ជាច្រើននាក់ ។
ក្រោយពី បានស្ដាប់របាយការណ៍របស់តំណាងអនុសាខាកាកបាទក្រហមខណ្ឌ ស្ដីពីការអនុវត្តផែនការសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត និងកិច្ចប្រឹងប្រែងរបស់អាជ្ញាធរក៏ដូចជាការចូលរួមផ្ដល់សំភារៈ ថវិការបស់សប្បុរសជនទាំងក្នុងក្រៅស្រុកជំរាបជូនដល់គណៈអធិបតី និងអ្នកចូលរួមរួចមក ។
ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានកិត្តិយសសាខាក៍បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអំពីបញ្ហាសុខភាព មាតា ទារក កុមារ និងអ្នករងគ្រោះដោយសារមេរោគអេដស៍ជម្ងឺអេដស៍។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ ការបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាពជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ ចំពោះអំណោយដែលបានចែកជូនក្នុង១នាក់ទទួលបាន អង្ករ ២៥គក មី១កេស ត្រីខ ១យួរ សាប៊ូកក់សក់ ៥កញ្ចប់ សាប៊ូលាងដៃ ២ដុំ កាទឹក ១ និងថវិកាចំនួន ២០,០០០រៀល៕