ត្បូងឃ្មុំ៖នៅរសៀល ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យក្រុងពលី និង បានត្រួតពិនិត្យ ផ្ទះសាងសង់ថ្មី ចំនួនផ្ទះ ៨១ ខ្នង សម្រាប់ពិធីប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិអភិវឌ្ឍន៍ សម្តេច ហេង សំរិន ថ្លុកត្រាច ឃុំ កក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ពិធីនោះដែរមានវត្តមាននិមន្តចូលរួមពីព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត ឯកឧត្តមលោកជំទាវជាក្រុមការងារ ឯកឧត្តមអភិបាល អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្តលោកអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំកងកម្លាំងទាំង៣ មន្ត្រីសាលាស្រុក មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល យុវជន ស្រុក ឃុំភូមិ នាយកនាយករង លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ជាច្រើនអ្នកផងដែរ។
នាឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា នៃព្រះរាជាណាចក្រកម្ពុជា បាន មានមតិសំណេះសំណាលទៅកាន់ពុទ្ធបរិស័ទនិងអ្នកចូលរួមប្រកបដោយភាពរីករាយ លើសពីនេះទៅទៀតសម្តេចអគ្គមហាពញាចក្រី បានបញ្ជាក់ថា៖ក្រោយថ្ងៃ៧មករា៧៩ប្រទេសជាតិ ត្រូវបានរំដោះឲ្យរួចផុតពីនរកអវិចីយ ភពខ្មៅងងឹត សេដ្ឋកិច្ចធ្លាក់នៅកម្រិតសូន្យ តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានស្ដារប្រទេសមានការអភិវឌ្ឍរុងរឿងពីបាតដៃទទេមកមានអ្វីៗទាំងអស់ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកបន្តទៀតថាសព្វថ្ងៃសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលខិតខំកែប្រែប្រព័ន្ធ រដ្ឋបាលឲ្យបានស៊ីជម្រៅ និងកែតម្រូវច្បាប់មួយចំនួនពិសេសច្បាប់ចរាចរណ៍ និងការលើកលែងសេវាមិនយកពន្ធសេវាផ្ទេរកម្មសិទ្ធពីសាច់ញាតិ ម្ដាយកូន និងសហព័ទ្ធនិងការលុបចោលកិច្ចសន្យាបង់ថ្លៃសេវាផ្លូវជាតិលេខ៤ ហើយសម្ដេចនឹងរៀបចំវិសោធនកម្មនូវច្បាប់មួយចំនួនទៀតដើម្បីកាត់បន្ថយ ភាពក្រីក្រនិងអភិវឌ្ឍន៍សង្គម ។
ឆ្លៀតឱកាសនោះសម្ដេច ក៏បានស្នើដល់ថ្នាក់ស្រុក ឃុំត្រូវបន្តការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុច និងយកចិត្តទុកដាក់លើការបម្រើសេវា នានាតាមច្បាប់ខិតខំដោះស្រាយតម្រូវការ និងបញ្ហាប្រឈមដោះស្រាយនិងកែតម្រូវឲ្យបានទាន់ពេលនូវចំណុចអសកម្ម សំដៅចូលរួមអភិវឌ្ឍន៍សង្គមជាតិប្រកបដោយសុខសុវត្ថិភាព និងធនាបានសន្តិសុខស្បៀងហើយប្រជាពលរដ្ឋមានជីវភាពធូធារ។
នាឱកាសនោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគេននូវបច្ច័យ មួយចំនួនប្រគេនដល់ព្រះសង្ឃនិងគណៈកម្មាការវត្តសម្រាប់សាងសង់សមិ្ធ ទ្ធផលបន្ថែម និងបានជូនថវិកានិងសំភារៈដល់អ្នកចូលរួមផងដែរ៕