ព្រៃវែង៖នាព្រឹកថ្ងៃទី២១ខែ កុម្ភៈ ឆ្នាំ២០១៦ នៅបរិវេណវត្តទួលមានជ័យ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានប្រារព្ធពិធីកាត់ឬសសីមាព្រះវិហារវត្តទួលមានជ័យ និង សម្ពោធដាក់ឱ្យប្រើប្រាស់ អាគារសាលាបឋមសិក្សា ទួលជ្រៃ ឃុំអំពិលក្រៅ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីសម្ពោធនេះដែរមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ យាយជីតាជី បងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស សរុបប្រមាណ ៥៥០ នាក់។
នាឱកាសនោះដែរ លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល បានធ្វើរបាយការណ៍គោរពជូនគណៈអធិបតីនិងអង្គពិធី នូវប្រវត្តិ វត្ត ការកសាង សកម្មភាព សមិទ្ធផលនានាដែលសម្រេចបានដោយមានការចូលរួមឧបត្ថម្ភពីសប្បុរសជន ក្នុងនិងក្រៅស្រុកនិងថ្នាក់ដឹកនាំសំខាន់របស់រាជរដ្ឋាភិបាលពិសេស សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីក្រសួង មហាផ្ទៃនិងជាប្រធានក្រុមការងារចុះជួយ ខេត្តជាដើម។
បន្ទាប់មក ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានមានមតិនិងសាកសួរសុខទុក្ខសំណេះសំណាល ទៅកាន់ពុទ្ធបរិស័ទនិងអ្នកចូលរួមប្រកបដោយភាពរីករាយ លើសពីនេះទៅទៀតឯកឧត្តមបានបញ្ជាក់ថា៖ក្រោយថ្ងៃ៧មករា៧៩ប្រទេសជាតិ ត្រូវបានរំដោះឲ្យរួចផុតពីនរកអវិចីយ ភពខ្មៅងងឹត សេដ្ឋកិច្ចធ្លាក់នៅកម្រិតសូន្យ តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែន បានស្ដារប្រទេសមានការអភិវឌ្ឍរុងរឿងពីបាតដៃទទេមកមានអ្វីៗទាំងអស់ មិនដូចបក្សប្រឆាំងដើរបង្ខូចញុះញង់បានតែថា តិះដៀលអគតិ វាយប្រហារលើការដឹកនាំ តែបក្សខ្លួនមិនបានជួយអ្វីសូម្បីតែបន្តិច។
ឯកឧត្តមបានលើកបន្តទៀតថាសព្វថ្ងៃសម្ដេចតេជោខិតខំកែប្រែប្រព័ន្ធ រដ្ឋបាលឲ្យបានស៊ីជម្រៅ និងកែតម្រូវច្បាប់មួយចំនួនពិសេសច្បាប់ចរាចរណ៍ និងការលើកលែងសេវាមិនយកពន្ធសេវាផ្ទេរកម្មសិទ្ធពីសាច់ញាតិ ម្ដាយកូន និងសហព័ទ្ធនិងការលុបចោលកិច្ចសន្យាបង់ថ្លៃសេវាផ្លូវជាតិលេខ៤ ហើយសម្ដេចនឹងរៀបចំវិសោធនកម្មនូវច្បាប់មួយចំនួនទៀតដើម្បីកាត់បន្ថយ ភាពក្រីក្រនិងអភិវឌ្ឍន៍សង្គម ។
ឆ្លៀតឱកាសនោះឯកឧត្តមក៏បានស្នើដល់ថ្នាក់ស្រុក ឃុំត្រូវបន្តការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុច និងយកចិត្តទុកដាក់លើការបម្រើសេវា នានាតាមច្បាប់ខិតខំដោះស្រាយតម្រូវការ និងបញ្ហាប្រឈមដោះស្រាយនិងកែតម្រូវឲ្យបានទាន់ពេលនូវចំណុចអសកម្ម សំដៅចូលរួមអភិវឌ្ឍន៍សង្គមជាតិប្រកបដោយសុខសុវត្ថិភាព និងធនាបានសន្តិសុខស្បៀងហើយប្រជាពលរដ្ឋមានជីវភាពធូធារ។
នាឱកាសនោះដែរឯកឧត្តមបានប្រគេននូវបច្ច័យ មួយចំនួនប្រគេនដល់ព្រះសង្ឃនិងគណៈកម្មាការវត្តសម្រាប់សាងសង់សមិ្ធទ្ធផលបន្ថែមក្នុងវត្តទួលមានជ័យ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល និងបានជូនថវិកានិងសំភារៈដល់អ្នកចូលរួមផងដែរ.។
បន្ទាប់មកឯកឧត្តមនិងលោកជំទាវរួមទាំងលោកអភិបាលស្រុកបានចូលរួមកាត់ឬសសីមានិងកាត់ខ្សែបូរសម្ពោធនូវសមិទ្ធិនានាក្នងវត្តទួលមានជ៧យរួមទាំងសាលាបឋមសិក្សាទួលជ្រៃ និង ដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕