លោក ឃ្លាំង ហួត អញ្ជើញ​ចុះទៅ​សម្របសម្រួល និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ អំពី​បញ្ហា​ការ​ជីកដី​ស្តា​របឹង​តា​តុ

22-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​សាលាខណ្ឌ និង​សង្កាត់​កោះដាច់ បាន​អញ្ជើញ​ចុះ​ធ្វើការ​សម្របសម្រួល និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​ស្ថានភាព​បឹង​តា​តុ​ក ស្ថិតនៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់ពី​មានប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ ធ្វើ​ការតវ៉ា​ដោយសារ​ឡាន​ដឹក​ដី​ហុយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ និង​មានការ​ចោទប្រកាន់​ទៅលើ​អាជ្ញាធរ​ភូមិ សង្កាត់ ថា​បាន​យក​ថវិកា​ដែល​បានមកពី​ការលក់​អាចម៍ដី​បឹង​តា​តុ​ក​នេះ ទៅ​ចាយ​ផ្តេសផ្តាស​ផងដែរ​។​
​នាឱកាស​នោះដែរ លោក គក់ សុគន្ធ មេភូមិ​រនះ សង្កាត់​កោះដាច់ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​បឹង​តា​តុ​ក​នេះ​រីង​ហួត​គ្មាន​ទឹក​ប្រើប្រាស់​នោះទេ ព្រោះ​បឹង​មាន​ទំហំ​តូច និង​រាក់​ទៀតផង ហើយ​ការ​ជីកដី​ស្តា​របឹង​តា​តុ​ក​នេះ គឺ​មិនមែន​អាជ្ញាធរ​សង្កាត់ ភូមិ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​នោះដែរ គឺ​បាន​ប្រជុំពិភាក្សា​គ្នា​រវាង​អាជ្ញាធរ​សង្កាត់ ភូមិ និង​ប្រជាពលរដ្ឋ​ប្រមាណ ១៥៣​គ្រួសារ ហើយ​បាន​ឯកភាពគ្នា​ឲ្យ​ធ្វើការ​ស្តា​របឹង​តា​តុ​ក​នេះ​ឲ្យ​មាន​ជម្រៅ​ជ្រៅ និង​ទំហំ​ធំ​ជាង​មុន ដើម្បី​ធ្វើជា​អាង​ស្តុក​ទឹក​នា​រដូវវស្សា និង​មានទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង ដើម្បី​យកមក​ស្រោចស្រប​ផលដំណាំ បន្ថែ​បង្កា និង​ស្រូវប្រាំង​របស់​ប្រជាកសិករ​ក្នុង​តំបន់​នេះ​ជាដើម ចំណែកឯ​ថវិកា​ដែល​បានមកពី​ការលក់​អាច​ម៌​ដី​នោះ គឺ​យកទៅ​កសាង​របង​សាលារៀន​បឋមសិក្សា​ភូមិ​រនះ និង​របង​សាលា​បុណ្យ នេះ​មិនមាន​អ្នកណា​យកទៅ​ចាយ​ផ្តេសផ្តាស​នោះទេ​។​
​បន្ទាប់ពី​បាន​ស្តាប់​ការបកស្រាយ​របស់លោក​មេភូមិ​រួច លោក ឃ្លាំង ហួត ក៏បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​មានមតិ ឬ​លើកឡើង​នូវ​សំណូមពរ​ផងដែរ ដោយ​ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​ចូលរួម​សំណូមពរ​ដូចខាងក្រោម​៖
១-​សូម​ឲ្យ​ធ្វើការ​ស្តា​របឹង​ត្រឹម​ទំហំ ៣០​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​ប៉ះ​ដល់​ដី​ប្រជាពលរដ្ឋ​
២-​បញ្ហា​ការដឹក​ដី​បណ្តាល​ឲ្យ​ហុយ​រំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​
៣-​សូម​ឲ្យ​យក​ដី​នេះ​លក់​យកលុយ​ចែក​ប្រជាជន​
៤-​បញ្ហា​ទាមទារ​ដី ៤​ម៉ែត្រ​ពីសា​លា​បុណ្យ របស់​លោកយាយ បេ​តុ​ន​
​ក្រោយពី​បាន​ស្តាប់​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រួច លោក ឃ្លាំង ហួត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មក​ថ្ងៃនេះ មិនមែន​មកកាន់​ជើង​ខាង​ណា​នោះទេ គឺ​មក​ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ការ​ជីកដី​ស្តា​របឹង​នេះ និង​ដោះស្រាយ​នូវ​រាល់​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ឈ្នះ ឈ្នះ មានន័យថា​យើង​ឈ្នះ​ទាំងអស់គ្នា អត់​មាន​អ្នកចាញ់​ទេ ដោះស្រាយ​ដោយ​សន្តិវិធី ប្រកបដោយ​តម្លាភាព សមភាព សមធម៌ ត្រឹមត្រូវ និង​យុត្តិធម៌​ថែម​ទៀតផង​»​។​
​លោក ឃ្លាំង ហួត បានធ្វើការ​សម្របសម្រួល​ជូន​ប្រជាពលរដ្ឋ ដោយ​បញ្ឈប់​ការ​ជីកដី​បឹង​តា​តុ​ក​ចាប់ពីពេលនេះ​តទៅ​តាម​សំណូមពរ និង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ការជួល​គ្រឿងចក្រ​មក​តម្រឹម​មាត់បឹង ដែល​ក្រ​ហី​ង​ក្រហូង​ឲ្យ​ក្លាយជា​បឹង​អាងទឹក​សម្រាប់​ជា​ប្រយោជន៍​បាន​ប្រើប្រាស់​ជាប្រចាំ​ទាំងអស់គ្នា ដោយ​យក​អាចម៍ដី​ទាំងនោះ​មកចាក់​បំពេញ​ជួសជុល​ផ្លូវលំ​ក្នុងភូមិ​បន្ថែមទៀត​។​
​លោក​បាន​បន្តថា ចំពោះ​សំណូមពរ​ឲ្យ​យក​ដី​នេះ​លក់​ចែក​លុយ​ប្រជាជន គឺ​មិនអាច​ទៅរួច​នោះទេ ព្រោះថា​ដី​បឹង​គឺជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​ពុំមាន​បុគ្គល​រូប​ណា​មាន​សិទ្ធិ​លក់ ដូរ ជួល បញ្ចាំ ឬ​ចាត់ចែង​ធ្វើ​អ្វី​ផ្សេង​បានឡើយ​បូករួម​ទាំង​ខ្លួន​លោក​ផ្ទាល់ គឺ​រដ្ឋ​ហាមឃាត់​ជាដាច់ខាត​។​
​ដោយឡែក​ការទាមទារ​ដី ៤​ម៉ែត្រ​ពីសា​លា​បុណ្យ​នោះ លោក​អភិបាលខណ្ឌ សុំ​ពន្យា​ពេល​ដើម្បី​ធ្វើការ​សិក្សា​ជាមុនសិន​។ ជាមួយគ្នា​នោះដែរ លោក​អភិបាលខណ្ឌ​ក៏បាន​ប្តេជ្ញាចិត្ត​នឹងធ្វើ​ផ្លូវ​នៅក្នុង​សង្កាត់​កោះដាច់​លែង​ឲ្យ​មាន​ដី​ហុយ​ផងដែរ​។
​ក្រោយពី​បាន​ស្តាប់​នូវ​ដំណោះស្រាយ​របស់លោក​អភិបាលខណ្ឌ​រួច ប្រជាពលរដ្ឋ​មានការ​សប្បាយរីករាយ និង​សាទរ​ចំពោះ​ចំណាត់ការ​ដ៏​ល្អប្រសើរ​ខាងលើនេះ​យ៉ាងខ្លាំង​ផងដែរ​។ បន្ទាប់ពី​បានធ្វើការ​ដោះស្រាយ​ចប់សព្វគ្រប់ លោក​អភិបាលខណ្ឌ និង​ក្រុមការងារ ព្រមទាំង​ប្រជាពលរដ្ឋ​ក៏បាន​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​បឹង​តា​តុ​ក​ទាំងអស់គ្នា​ផ្ទាល់​តែម្តង​៕

ចំនួនអ្នកទស្សនា

    20233887

  • ថ្ងៃនេះ221
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3171
  • ខែនេះ23221
  • ឆ្នាំនេះ1006441
  • សរុប20233887