បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឯកឧត្តមគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តា គោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីបង្ការខ្លួនកុំឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាផុងខ្លួនជាមួយគ្រឿងញៀនផងដែរ។
ការអំពាវនាវរបស់ ឯកឧត្តម គោស៊ុំ សារឿត ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញ ក្នុងពិធីបញ្ចុះខណ្ឌសីមា ក្នុងវត្តសិរីមង្គល ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា «បើយើងគ្រប់ៗគ្នាគោរពច្បាប់ចរាចរណ៍ គឺអាចបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិត ទាំងអស់គ្នា។ គ្រឿងញៀន យើងជាពលរដ្ឋខ្មែរ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ឆ្លើយទេចំពោះគ្រឿងញៀន ព្រោះខេត្តបន្ទាយមានជ័យយើង គឺជាប់លំដាបថ្នាក់លេខ២ ហើយមកដល់ពេលនេះ វាប្រឈមយ៉ាងធំ ដូច្នេះហើយទាំងសមត្ថកិច្ចជំនាញ ទាំងប្រជាពលរដ្ឋ ចូលគោរពតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព»។
ជាមួយគ្នានេះដែរឯកឧត្តម គោស៊ុំ សារឿត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ហាមប្រើប្រាស់ទឹកដោយខ្ជះខ្ជាយឡើយ ព្រោះការប្រើប្រាស់ខ្ជះខ្ជាយ ដែលបង្កឲ្យខ្វះខាត់ទឹកប្រើប្រាស់ ធ្វើស្រែប្រាំង លើសគម្រោងព្រោះបច្ចុប្បន្ននេះ ស្រែប្រាំងនៅក្នុងខេត្តយើង ប្រមាណជា១៣០០០ហិចតា លើសផែនការ ដូច្នេះហើយកំពុងជួបបញ្ហាផ្គត់ផ្គង់ទឹកចូលស្រែ។
សូមបញ្ជាក់ថា ព្រះវិហាថ្មីដែលទើបតែកាត់ខណ្ឌសីមានេះមានទំហំ១២គុណ ២១ម៉ែត្រ កំពស់២១ម៉ែត្រ ចាប់ផ្តើមសាងសងក្នុងឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៥ ចំណាយថវិការសរុប ២៥០. ២៦៧ដុល្លា៕