អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​ឲ្យ​ជីក​កកាយ​ដី បើក​ប្រឡាយ​ឡើងវិញ ក្រោយ​មានការ​ជីក​លុប​ធ្វើ​ផ្លូវ​នៅ​សង្កាត់​កំបូល

24-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ហែម ដា​រិ​ទ្ធ នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​បញ្ជា​ឲ្យ​ជីក​កាយ​ដី បើក​ប្រឡាយ​ឡើងវិញ ដែល​ត​ភ្ជាប់​ពី​ភូមិ​ស្នួល​ខ្ពស់ និង​ភូមិ​តា​ភេ​ម នៅក្នុង​សង្កាត់​កំបូល ក្រោយពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ បាននាំគ្នា​ជួល​រថយន្ត​ដឹក​ដី ចាក់​លុប​ប្រឡាយ​ដើម្បី​ធ្វើ​ផ្លូវ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​។​
​ការចេញ​បញ្ជា​ឲ្យ​កាយ​ដី​បើក​ប្រឡាយ​ឡើងវិញ​របស់​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ ក្រោយពី​មានការ​ចុះផ្សាយ​ព័ត៌មាន​ថា លោក​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ចាក់ដី​លុប​ប្រឡាយ​មួយ​នេះ​។ លោក ហែម ដា​រិ​ទ្ធ ក៏បាន​លើង​ឡើង​ថា ការចុះផ្សាយ​ព័ត៌មាន​ថា លោក​ឃុបឃិត​ជាមួយ​ឈ្មួញ​ឲ្យ​ចាក់​លុប​ប្រឡាយទឹក (​ប្រឡាយ​តូច​មាន​ភ្លឺស្រែ​អម​សងខាង​) ស្រោចស្រព​ស្រូវ​ប្រវែង​៤៥៨​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ស្នួល​ខ្ពស់ និង​ភូមិ​តា​ភេ​ម នៅក្នុង​សង្កាត់​កំបូល គឺ​ដោយសារ​អ្នករកស៊ី​បក​ដី និង​ជីកដី​លក់​កាច់​កុង​គ្នា ហើយ​ផ្តល់ព័ត៌មាន​ខុស​ទៅ​អ្នកសារព័ត៌មាន​។​
​លោក​អភិបាលខណ្ឌ បាន​ប្រាប់​ការ​សែត​ថា «​ចំពោះ​ការ​លុប​ប្រឡាយទឹក​នេះ ខ្ញុំ​ក៏​មិនបាន​ដឹង​ដែរ តែ​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម ខ្ញុំ​បាន​ស្រាវជ្រាវ​មើល​ទើប​ដឹងថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំងពីរ ជា​អ្នក​ឯកភាពគ្នា​ឲ្យ​ចាក់​លុប​ប្រឡាយ​ដើម្បី​ធ្វើ​ផ្លូវ​ភ្ជាប់​ភូមិ​ទាំងពីរ​នេះ ដោយ​ពួកគាត់​បាន​ទាំង​ចំណាយ​ដី​ជាប់ និង​ប្រឡាយ​នោះ​បន្ថែម​ទៀតផង​»​។​
​លោក ហែម ដា​រិ​ទ្ធិបន្តទៀត ថា «​បន្ទាប់ពី​ទទួល​ព័ត៌មាន​នៃ​ការចាក់​លុប​នោះ ខ្ញុំ​បាន​បញ្ជា​ឲ្យ​លោក សេង គន្ធ អភិបាលរង ចុះទៅពិនិត្យ និង​ដឹកនាំ​កម្លាំង​ចុះ​កាយ​រួចរាល់​អស់ហើយ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់ឯកឧត្តមអភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស​»​។​

​លោក​បាន​បន្តថា អាជ្ញាធរ​របស់លោក​បាន​យកចិត្តទុកដាក់​ណាស់​ចំពោះ​ប្រឡាយទឹក​នេះ​ណាស់ ពោល​ចង់​ទាញ​ទឹក​ពី​តំបន់​ផ្សេងៗ យកមក​ស្រោចស្រព​ដំណាំ​កសិកម្មរ​របស់​ប្រជាពលរដ្ឋ​ផងដែរ ប៉ុន្តែ​ចំពោះ​សង្កាត់​កំបូល​នេះ គឺ​គ្មាន​ប្រភពទឹក​នោះទេ ទើប​យើង​ពិបាក​ក្នុង​ទាញយក​ប្រភពទឹក​ឲ្យ​បងប្អូន​ប្រើប្រាស់​។​
​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះដែរ លោក ហ៊ួ សៀ មេភូមិ​តា​ភេ​ម បាន​និយាយថា ប្រឡាយទឹក​មួយ​ខ្សែ​នេះ​មាន​ប្រវែង​៦០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ភូមិ​តា​ភេ​ម​ទៅ​ភូមិ​ស្នួល​ខ្ពស់ ដែលមាន​ទទឹង​៤​ម៉ែត្រ ហើយ​ការចាក់​លុប​ប្រឡាយ​នេះ ដោយសារ​តែមាន​អ្នករកស៊ី​ជីកដី នៅ​ចំណុច​នោះ ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​ចាក់​លុប​ធ្វើ​ផ្លូវ ដោយ​ពួកគាត់​បាន​ចូលរួម​ដោយ​ចំណាយ​ដី​របស់គាត់​នៅជាប់​និង​ផ្លូវ​១​ម៉ែត្រ​បន្ថែម​ទៀតផង ដើម្បី​ឲ្យ​អ្នករកស៊ី​ជីកដី​ជួយ​ធ្វើជាប្រឡាយទឹកអម​សងខាងផ្លូវជូន ពួកគាត់ផងដែរ និងបានហាមប្រាមមិនឲ្យជីក​ជា​រណ្តៅនោះទេ ៕

ចំនួនអ្នកទស្សនា

    20227917

  • ថ្ងៃនេះ1661
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29441
  • ខែនេះ17251
  • ឆ្នាំនេះ1000471
  • សរុប20227917