ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អាជ្ញាធរសង្កាត់ព្រែកលៀប និងភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយជាអង្ករ និងថវិកាមួយចំនួនរបស់សង្កាត់ព្រែកលៀប ទៅឧបត្ថម្ភជូនដល់លោក ឃុត ប៊ុនថេ ភេទប្រុស អាយុ៥៥ឆ្នាំ ជាបុរសពោះម៉ាយ និងគ្មានសាច់ញាតិទីពឹងរស់នៅតែម្នាក់ឯង ក្នុងបន្ទប់ផ្ទះជួលលេខ៦៤ ក្រុមទី២ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានជីវភាពខ្វះខាត និងជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ អាជ្ញាធរសង្កាត់ព្រែកលៀប បានឧបត្ថម្ភនូវអង្ករចំនួន ២០គ.ក្រ និងថវិកា ៤០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខលំបាករបស់គាត់ផងដែរ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ បាននាំយកអំណោយសង្គ្រោះបឋមមកឧបត្ថម្ភជូន លោក ឃុត ប៊ុនថេ ម្តងរួចមកហើយ ដែលអំណោយរួមមានៈ អង្ករ ២៥គ.ក្រ, មី ០១កេស, ត្រីខ ០១យួរ(១០កំប៉ុង), ទឹកក្រូច ០១កេស, ទឹកសុទ្ធ ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ស្ករស ០២គ.ក្រ, តែ ០៥កញ្ចប់, ប្រេងឆា ០១ដប, អំបិល ០២គ.ក្រ, ទឹកដោះគោខាប់ ១០កំប៉ុង, ទឹកដោះគោឆៅ ០២យួរ(២៤កំប៉ុង) និងថវិកា ១,២០០,០០០រៀល ក្នុងនោះថវិការបស់លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ១,០០០,០០០រៀល ថវិកាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ១០០,០០០រៀល និងថវិការបស់លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌ ១០០,០០០រៀល និងបានឧបត្ថម្ភយុវសិស្សចំនួន ០២នាក់ ដែលរស់នៅជិតខាង ជួយមើលថែអ្នករបួសខាងលើក្នុងម្នាក់ ៥០,០០០រៀល ជាថវិការបស់លោកស្រី កែវ ច័ន្ទស៊ុនណារី៕