ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ បានចុះពិនិត្យសិប្បកម្មកែឆ្នៃសំណល់ប្រេងឆា(ប្រេងឆាដែលប្រើប្រាស់ រួច) នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះមានការចូលរួម ពីកំលាំងចម្រុះគណៈបញ្ជាការឯកភាពសង្កាត់ ចោមចៅ និងមន្ត្រីផ្សេងៗ ជាច្រើនរូបទៀត។
នាឱកាសនោះ លោក ឃឹម ស៊ុន សូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ផងដែរថា៖ ដោយយោងពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន១៥២គ្រួសារអំពីសិប្បកម្មខាងលើធ្វើការកែឆ្នៃប្រេងឆាដោយប្រើកំទេចក្រណាត់ដុតចំរាញ់បង្កអោយមានផ្សែងនិងក្លិនអាក្រក់ជារៀងរាល់ថ្ងៃដែលប៉ះពាល់ដល់បរិស្ថានការរស់នៅរបស់ពួកគាត់នៅជុំវិញបរិវេណនោះហើយប្រជាពលរដ្ឋបានស្នើឲ្យមន្ត្រីសង្កាត់និងមន្ត្រីខណ្ឌធ្វើការចុះពិនិត្យឆែកឆេរដើម្បីធ្វើការអប់រំនិងសុំឲ្យមានអាជ្ញាប័ណ្ណនិងចុះកិច្ចសន្យា។
ក្រុមការងារចម្រុះបានពិភាក្សាគ្នា លទ្ធផលដំណោះស្រាយជាបឋមក្នុងនោះលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌបានសម្រេចអោយម្ចាស់សិប្បកម្មត្រូវអនុវត្តន៍តាមលក្ខខណ្ឌ ៖ ទី១ ផ្អាកដំណើរការសិប្បកម្មជាបណ្តោះអាសន្នដើម្បីអោយមន្ត្រីជំនាញចុះត្រួតពិនិត្យជាមុនសិន។
ទី២ឲ្យម្ចាស់សប្បិកម្មត្រូវសុំច្បាប់អនុញ្ញាតទីតាំងបើកអាជីវកម្មអោយបានត្រឹមត្រូវបើពុំនោះសោតទេថ្នាក់ខណ្ឌនិងអនុវត្តន៍តាមគោលការណ៍ច្បាប់ ហើយបើនៅតែប្រព្រឹត្តនឹងទទួលទោសតាមច្បាប់។
ដំណោះស្រាយទាំងពីរខាងលើនេះត្រូវបានខាងម្ចាស់អាជីវកម្មទទួលយកនិងអនុវត្តន៍តាម៕