ភ្នំពេញ៖នៅ ព្រឹក ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦រដ្ឋបាលសាលាខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ ប្រចាំខែកុម្ភៈរបស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាល នៃគណអភិបាលខណ្ឌ ៧មករា។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពី លោកស្រីសមាជិកក្រុមប្រឹក្សា ប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ អភិបាលរងខណ្ឌ និងមានការចូលរួមពី លោកនាយករដ្ឋបាល លោក-លោកស្រីប្រធាន ការិយាល័យចំណុះជំនាញ ជុំវិញខណ្ឌ លោក-លោកស្រី ជាសមជិកគណៈកម្មាធិការនានាចំណុះខណ្ឌ លោកអធិការខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយ ប៉ុស្តិ៍ និងអ្នកដែលពាក់ព័ន្ធច្រើននាក់ផងដែរ ។
កិច្ចប្រជុំមានរបៀបវារះត្រូវពិភាក្សា មានដូច ជា៖១- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ (២៩-០១-២០១៦) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។/២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ កុម្ភះ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ៧មករា។/៣-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែមករា ឆ្នាំ២០១៦។ /៤-បញ្ហាផ្សេងៗ
បន្ទាប់ពីស្ដាប់ របាយការណ៍របស់ បណ្ដាអង្គភាព ខណ្ឌ សង្កាត់ បានលើកឡើងនូវបញ្ហាប្រឈម និងតម្រូវការរបស់មូលដ្ឋានរួចមក នាឱកាសនោះ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានមានមតិបញ្ជាក់និងសំណេះសំណាលទៅកាន់សមាជិក សមាជិកាដែលបានចូលរួមប្រកបដោយភាពកក់ក្ដៅ ព្រមទាំងបានស្នើដល់ថ្នាក់ខណ្ឌ សង្កាត់ភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តការយកចិត្តទុកដាក់លើការអនុវត្តន៍ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ការដោះស្រាយសំណូមពរ បម្រើសេវាសាធារណៈលើលិខិតស្នាម ឯកសាររដ្ឋបាលនានាមានអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានល្ងប្រសើរ តាមកម្រៃសេវារបស់ថ្នាក់ក្រោមជាតិ បើមានសកម្មភាពមិនប្រក្រតី ភាពអសកម្មលើចំណុចណាមួយជាមួយប្រជាពលរដ្ឋត្រូវរួសរាន់កែតម្រូវ ធ្វើជាមន្ត្រីដឹងសុខទុក្ខពលរដ្ឋ ដើម្បីឲ្យស្របតាមនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យបានក្លាយជាប្រព័ន្ធរដ្ឋបាលស៊ីជម្រៅ និងចូលរួមការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
បន្ទាប់មក លោក លីម សុភា អភិបាល នៃគណអភិបាលខណ្ឌ ៧មករាក៏បានជម្រុញឲ្យមន្ត្រីសាលាខណ្ឌនិងសង្កាត់ត្រូវបន្តកិច្ចសហការផ្សព្វផ្សាយច្បាប់កម្រៃសេវាឲ្យបានទូលាយនិងអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ជៀសវាងការប្រព្រឹត្តល្មើស ហើយប្រាក់ចំណូលដែលទទួលបានថ្នាក់ខណ្ឌនិងធ្វើការបែងចែកប្រគល់នាំពេលប្រជុំដំណាច់ខែ លោកអភិបាលខណ្ឌក៏បានបន្តដល់សមត្ថកិច្ចនិងសង្កាត់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្ងប្រសើរនិងមានផែនការសកម្មភាពចុះពិនិត្យតាមដានការងារប្រកបដោយប្រសិទ្ធភាពខ្ពស់និងដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានទាន់ពេលវេលាដើម្បីសុវត្ថិភាពនៅមូលដ្ឋាន៕