គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ បើក​កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦

26-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ក៏ដូចជា​ការ​ការ​រពា​រ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ជ្រោយចង្វារ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ បាន​បើក​កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦ និង​ទិសដៅ​ខែ​បន្ទាប់ ក្រោម​អធិបតីភាព លោក ឃ្លាំង ហួត ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ និង​ជា​អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ជ្រោយចង្វារ​។​
 

កិច្ចប្រជុំ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ​សាលាខណ្ឌ កងកម្លាំង​ទាំង​៣​ និង​អ្នកពាក់ព័ន្ធ​មាន ​ចៅសង្កាត់ នាយប៉ុស្តិ៍  សរុប​ចំនួន ៥០​នាក់​។​

​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នេះដែរ លោក ឃ្លាំង ហួត អភិបាលខណ្ឌ បានដាក់​ផែនការ​ឲ្យ​រដ្ឋបាល​ខណ្ឌ សហការ​ជាមួយ​នគរបាល​ខណ្ឌ និង​កងរាជអាវុធហត្ថ​ខណ្ឌ ចុះ​ធ្វើការ​ស្រង់​ស្ថិតិ និង​កំណត់​អត្តសញ្ញាណ​កម្មករសំណង់ ដែល​កំពុង​បម្រើ​ការងារ​នៅតាម​បុរី ឬ​នៅតាម​ការដ្ឋាន​សំណង់​នានា ឲ្យ​បានច្បាស់លាស់ ដើម្បី​ក្តាប់បាន​អំពី​ចំនួន​ជាក់លាក់ និង​សាវតា​លម្អិត​របស់​កម្ម​ករនី​មួយៗ ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។

ជាមួយគ្នានេះ លោក​អភិបាលខណ្ឌ បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ខណ្ឌ​ធ្វើលិខិត​ផ្លូវការ​ជម្រាប​ទៅ​ម្ចាស់​បុរី ម្ចាស់​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​ចូលរួម​សហការ​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​បំពេញភារកិច្ច​ខាងលើ​ឲ្យ​បាន​រលូន និង​ទទួលបាន​ល្អប្រសើរ​។​

​លោកក៏​បាន​បន្តថា លោក សូម​អរគុណ​ចំពោះ​កម្លាំងប្រដាប់អាវុធ​ទាំងពីរ​ប្រភេទ ដែល​បាន​បំពេញការងារ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្មុគស្មាញ និង​តាម​គោលដៅ​ក្នុង​មូលដ្ឋាន​ជាប្រចាំ​កន្លងមក ដូចនេះ សូម​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុងការ​ការពារ​សន្តិ​សុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​ទីកន្លែង​ប្រជុំជន​ដែលមាន​បងប្អូន​កម្មក​រ កម្ម​ការី​បំពេញការងារ​នៅពេល​យប់ និង​សិស្សានុសិស្ស​ដែល​សិក្សា​នៅពេល​យប់​ជាដើម​។ ត្រូវ​ពិនិត្យមើល​ភូមិសាស្ត្រ​ណា​ដែល​ងាយ​រងគ្រោះ ត្រូវ​បន្ថែម​កម្លាំង​ល្បាត និង​ត្រូវ​ល្បាត​ជាប្រចាំ​ឲ្យ​ញឹកញាប់ ដើម្បី​ទប់ស្កាត់ និង​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា​។​

​លោក​បន្ថែមថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ដ៏​ធំ​ដែល​កើតមានឡើង​ទូទាំង​សកលលោក មិនថាតែ​ក្នុងប្រទេស​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ​។ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​ចូលរួម​ក្នុងការ​បង្ក្រាប​ទប់ស្កាត់ ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន​គ្រប់​រូបភាព​ទាំងអស់​ក្នុង​មូលដ្ឋាន ព្រោះ​វា​គឺជា​ទុក្ខ​កង្វល់​របស់​ប្រទេសជាតិ និង​ប្រជាជន​ផងដែរ​។ អាជ្ញាធរ​ភូមិ សង្កាត់ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សហការ​ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​គ្រឿងញៀន មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចុះបង្ក្រាប​ទាន់ពេលវេលា​។​

​លោក ឃ្លាំង ហួត បាន​បន្តថា ចំពោះ​បញ្ហា​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​ស្នាក់នៅ (​ក​២) សូម​លោក​ ​លោកស្រី​មេភូមិ លោក​ចៅសង្កាត់ ធ្វើការ​ជំរុញ និង​ផ្សព្វផ្សាយ​តាម​ឧគ្ឃោសនាសព្ទ​បន្ថែមទៀត ដើម្បី​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ ក្នុងការ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​ស្នាក់នៅ​(​ក​២)​ថ្មី ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​ជា​ចុងបញ្ចប់ លោក​អភិបាលខណ្ឌ បាន​មានប្រសាសន៍​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​បានដាក់​បទបញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ន៍ត​មុនគេ ដើម្បី​ធ្វើជា​គំរូ​ដល់​អ្នកដទៃ ហើយ​ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ហ្មត់ចត់ តឹងរឹង​បំផុត និង​មិនត្រូវ​លើកលែង​ឲ្យ​បុគ្គល​រូប​ណា​ដែល​ប្រព្រឹត្ត​ខុសពី​ច្បាប់​បានឡើយ​។

ជាមួយគ្នានេះដែរ លោក​អភិបាលខណ្ឌ ក៏បាន​សំណូមពរ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ សូមមេត្តា​ប្រើពាក្យ​សម្តី​សមរម្យ ទន់ភ្លន់ សុភាពរាបសា ជាមួយ​ប្រជាពលរដ្ឋ ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​៕

ចំនួនអ្នកទស្សនា

    20228037

  • ថ្ងៃនេះ1781
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29561
  • ខែនេះ17371
  • ឆ្នាំនេះ1000591
  • សរុប20228037