ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញទៅសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងសង្កាត់ ស្វាយអាត់ ក្រុងពោធិ៍សាត់ ប្រមាណ៣២០០នាក់ ក្នុងគោលបំណងរួមចំណែកដោះស្រាយបញ្ហា និងជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា៖ ប្រទេស ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ទាំងមូលមានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធផលជាច្រើនពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច តេជោ ហ៊ុន សែន ដូចជាទំនប់ទឹកលេខ៣ និងទំបន់ទឹកលេខ៥ ដែលមាន សមត្ថភាពស្តុកទឹកទុករហូតដល់ជាង៥០លានម៉ែត្រគូប ដើម្បីស្រោចស្រពស្រូវជូនប្រជាពលរដ្ឋក្នុងរដូវប្រាំង។នា ឆ្នាំកន្លងទៅរាជរដ្ឋាភិបាលបានសម្រេច ស្ថាបនាផ្លូវលេខ៥៥ប្រវែង១៨៦ គ.ម ពីទីរួមខេត្តទៅ ឃុំថ្មដាដែលមានព្រំទល់ជាប់ជាមួយព្រះរាជាណាចក្រថៃ ហើយនៅពេលដែលផ្លូវនេះស្ថាបនារួច ជីវភាព របស់ប្រជាជន នឹងត្រូវបានលើកកម្ពស់បន្ថែម ដោយសារកំណើននៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ សមិទ្ធផលមួយ ទៀតសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល គឺក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រយើងកន្លងមក។
ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បានស្វែងរកការអភិវឌ្ឍឥតឈប់ឈរ ជាក់ស្តែងកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធក្នុងការផ្ទេរមរតកដល់កូនចៅ ការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងម៉ូតូដែលមានទំហំស៊ីឡាំងក្រោម ១២៥cc មិន តម្រូវអោយមានប័ណ្ណបើកបរ ដែលទាំងនេះគឺជាការគិតគូរលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាប់ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ បច្ចុប្បន្នលោកកំពុងបំពេញតួនាទីពីរ គឺ៖ ទី១ តួនាទីរដ្ឋបាល ក្នុងនាម ជាអភិបាលខេត្ត គឺលោកមានភារកិច្ចអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ជាពិសេស មានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាអោយប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍទាំងសង្គមជាតិ និងសង្គមគ្រួសារ។ តួនាទីទី២ គឺក្នុងនាម លោកជាសមាជិកគ្រួសាររបស់ប្រជាពលរដ្ឋទាំង ៤៧ម៉ឺននាក់ក្នុងខេត្តទាំងមូល អភិបាលខេត្តនឹង រួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយ ទូរស័ព្ទទាំង ០២ ប្រព័ន្ធនឹងបើករង់ចាំ ប្រជាពលរដ្ឋ Call ចូល ២៤ម៉ោង/២៤ម៉ោង ដើម្បីលោកជួយដោះ ស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃដែលប្រជាពលរដ្ឋមិនអាចដោះស្រាយបាន និងជួយប្រជាពលរដ្ឋក្នុង ករណីដែលមានភាពអយុត្តិធម៌ណាមួយកើតមានឡើង។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជៀសអោយផុតពីគ្រឿងញៀន ល្បែងស៊ីសង និងគ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សាក្នុងគ្រួសារ ធ្វើអោយបាត់បង់នូវសេចក្តីថ្លៃថ្នូរ ធ្លាក់ចុះនូវ សីលធម៌ និងតម្លៃរបស់សង្គម ជាពិសេសជាប្រភពនៃបទល្មើសផ្សេងផងដែរ។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ផ្តល់នូវវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋទាំង ៣២០០ នាក់ ក្នុងម្នាក់ៗទទួលបានសារុងចំនួន ០១ ដូនជីចំនួន ២០នាក់ ទទួលបានក្រណាត់ស ០១ដុំ និងថវិកា ១ម៉ឺនរៀល ប្រគេនវត្តពោធិ៍សុទស្សន៍ បច្ច័យចំនួន ៧លានរៀល ចាក់ដីជូនសាលារៀនចំនួន ១៧០ឡាន (ស្មើនឹងថវិកា ៣.២៣០.០០០រៀល) និងកាត់ឯកសណ្ឋានជូនប្រជាការងារចំនួន ៩០នាក់ ផងដែរ៕