កំពង់ចាម៖ព្រឹក ថ្ងៃទី ២៨ កុម្ភ: ឆ្នាំ ២០១៦ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មាការសាសនា និងលោកជំទាវ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅ ឃុំពាម ជីកង ឃុំ អង្គរបាន ឃុំព្រែកក្របៅ នឹងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ការចុះ សាក សួរទុក្ខនេះមានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរងស្រុក មន្ត្រីសាលាស្រុក ព្រមជាមួយ គណៈអភិបាលស្រុក ក្រុមប្រឹក្សា ស្រុក កងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌ មន្ត្រីគ្រប់ជាន់ថ្នាក់ សង្កាត់ ភូមិ និងប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ។
នាឱកាសនោះ ឯកឧត្តម មិន ឃិន បានថ្លែងថា៖ ប្រទេស ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ទាំងមូលមានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធផលជាច្រើនពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច តេជោ ហ៊ុន សែន ដូចជាទំនប់ទឹកលេខ៣ និងទំបន់ទឹកលេខ៥ ដែលមាន សមត្ថភាពស្តុកទឹកទុករហូតដល់ជាង៥០លានម៉ែត្រគូប ដើម្បីស្រោចស្រពស្រូវជូនប្រជាពលរដ្ឋក្នុងរដូវប្រាំង។ សមិទ្ធផលមួយ ទៀតសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល គឺក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រយើងកន្លងមក។
ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បានស្វែងរកការអភិវឌ្ឍឥតឈប់ឈរ ជាក់ស្តែងកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធក្នុងការផ្ទេរមរតកដល់កូនចៅ ការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងម៉ូតូដែលមានទំហំស៊ីឡាំងក្រោម ១២៥cc មិន តម្រូវអោយមានប័ណ្ណបើកបរ ដែលទាំងនេះគឺជាការគិតគូរលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាប់ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ឯកឧត្តមក៏ បានបន្តថា៖ បច្ចុប្បន្នលោកកំពុងបំពេញតួនាទីពីរ គឺ៖ តួនាទីរដ្ឋបាល ក្នុងនាម ជារដ្ឋមន្ត្រី ក្រសួងធម្មាការសាសនា គឺលោកមានភារកិច្ចអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ជាពិសេស មានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាអោយប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍទាំងសង្គមជាតិ និងសង្គមគ្រួសារពិសេសលើផ្នែកសាសនាដែលជាសាសនារបស់រដ្ឋដើម្បីឲ្យមានការគោរពប្រតិបត្តិតាមគន្លងធម៌នៃព្រះពុទ្ធសាសនា។
ឯកឧត្តមក៏សំណូមពរដល់ថ្នាក់ស្រុក ឃុំ ភូមិត្រូវយកចិត្តទុកដាក់ អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការបម្រើសេវាសាធារណៈនិងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងនាមមន្ត្រីល្អក្នុងមូលដ្ឋាន ហើយបើមានបញ្ហាប្រឈមត្រូវរួមគ្នាដោះស្រាយឲ្យខានតែបាន ជៀសវាងបង្កជាបញ្ហាធំលមបាកដោះស្រាយ។
បន្ទាប់មកក្រុមការងារបាន នាំមកនូវអំណោយ ចែកជូនប្រជាពលរដ្ឋសរុបចំនួន ២០០ គ្រួសារ ដែលក្នុងមួយឃុំ ចែកជូន ៥០ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូ មីមួយកេស និងសម្ភារៈផ្សេងៗទៀត តាមរយៈការឧបត្ថម្ភរបស់អង្គការអាស៊ីណេតវើក (Japan-Asia Network) របស់ជប៉ុនផងដែរ ៕