ភ្នំពេញ៖ នៅ រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ នៅសាលាសង្កាត់ កោះដាច់ មានរៀបចំបើកកិច្ចប្រជុំ ការងារចំបាច់មួយចំនួន ក្រោមអធិបតីភាព លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុប្រធានភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ សរុបចំនួន ២០នាក់។
កិច្ចប្រជុំផ្ដោតទៅលើរបៀបវារៈ មួយចំនួនរួមមាន៖ពិនិត្យ និងជំរុញផែនការធ្វើអត្តសញ្ញាណប័ណ្ណ បន្តចុះជំរុញប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ និងមិនទាន់បានធ្វើសៀវភៅស្នាក់នៅ(ក២)ថ្មី ឲ្យទៅធ្វើនៅអធិការដ្ឋាននគរខណ្ឌជ្រោយចង្វារ ចុះស្រង់ស្ថិតិប្រជាជនដែលមានអត្តសញ្ញាណប័ណ្ណហើយ ប៉ុន្តែខុសអក្ខរាវិរុទ្ធ មិនអាចប្រើការបាន ផែនការចុះចែកអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ(ក២) ដែលទើបទទួលបានពីអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នាឱកាសនោះ លោក ប៉ាត់ អ៊ែល ចៅសង្កាត់ កោះដាច់ បានលើកឡើងដែរថា ៖ យោងតាមផែនការណែនាំរបស់សាលាខណ្ឌ ស្នើដល់បងប្អូន មេត្តាចូលរួមនិងផ្សព្វផ្សាយ ឲ្យ ដល់អ្នកដែលមានអាយុ១៥ឆ្នាំឡើងធ្វើអត្តសញ្ញាណប័ណ្ណនិងការជំរុញដល់អ្នកពុំទាន់មានសៀវភៅគ្រួសារត្រូវរួសរាន់មកធ្វើព្រោះជាឯកសារសំខាន់ណាស់ក្នុងការប្រើប្រាស់ នៅអធិការនគរបាលខណ្ឌជ្រោយចង្វារ។ ហើយចំពោះអ្នកដែលបាន ធ្វើហើយតែ ខុសទិន្នន័យ ត្រូវយកមកប្រគល់ឲ្យជំនាញ ដើម្បីបញ្ជូនទៅសុំការកែតម្រូវ៕