ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលា សង្កាត់ ជ្រោយចង្វារ ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ពេជ សារឿន ប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់។
កិច្ចប្រជុំ មានការចូលរួមពី លោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ លោកនាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ បុគ្គលិកសង្កាត់ មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ និងសណ្តាប់ធ្នាប់សង្កាត់ សរុបចំនួន ៣៥នាក់។
នាឱកាសនោះ លោក ពេជ សារឿន ចៅសង្កាត់ បានមានមតិសំណេះសំណាលទៅកាន់អង្គប្រជុំប្រកបដោយភាព រីករាយ ហើយលោកក៏បានស្នើ ឲ្យ ក្រុមប្រឹក្សាសង្កាត់ ភូមិ ត្រូវបន្តការយកចិត្ត ទុកដាក់សហការជាមួយប៉ុស្តិ៍នគរបាលលើការងារសន្តិសុខសណ្ដាប់ធ្នាប់ និងដោះស្រាយនូវរាល់សំណូមពរជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន និងចូលរួមកិច្ច អភិវឌ្ឍន៍មូលដ្ឋាន បម្រើសេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់៕