ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះធ្វើការកាប់ឆ្ការព្រៃដើមត្រែងដែលដុះរបតាមមាត់ច្រាំងទន្លេសាប ចាប់ពីគល់ស្ពានជ្រោយចង្វារ រហូតដល់សណ្ឋាគារ សុខាភ្នំពេញ ស្ថិតនៅក្នុងក្រុមទី៧ ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ឃ្លាំង ហួត បានមានប្រសាសន៍ថា កន្លងមកក្នុងអំឡុងខែតុលា ឆ្នាំ២០១៥ លោកបានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សហសការជាមួយសង្កាត់ជ្រោយចង្វារ ធ្វើការកាប់ឆ្ការព្រៃត្រែងស្ថិតក្នុងទីតាំងខាងលើ និងបានដុតបំផ្លាញចោលម្តងរួចមកហើយ តែពេលនេះសង្កេតឃើញថាដើមត្រែងបានដុះឡើងសាជាថ្មី ជាហេតុធ្វើឲ្យបាត់បង់នូវសោភណភាព តំបន់ក្បាលជ្រោយ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអាចជាកន្លែងសម្រាប់ជនទុច្ចរិតប្រព្រឹត្តបទល្មើសផ្សេងៗ ឬអាចជាកន្លែងលួចប្រើប្រាស់គ្រឿងញៀនទៀតផង។
ដោយមើលឃើញពីចំណុចអវិជ្ជមានទាំងអស់ខាងលើ ទើបលោកអភិបាលខណ្ឌ បញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌធ្វើការកាប់ឆ្ការព្រៃត្រែងនេះសាជាថ្មីទៀត ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងលើកកម្ពស់សោភណភាពមូលដ្ឋាន ក៏ដូចជារាជធានីភ្នំពេញរបស់យើង ពិសេសតំបន់ក្បាលជ្រោយនេះ និងដើម្បីរួមចំណែកប្រឡងប្រណាំងទីក្រុងស្អាត ប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់ទេសចរណ៍ដ៏សំខាន់ និងស្រូបយកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្តផងដែរ។
ទន្ទឹមនឹងនេះ លោក ឃ្លាំង ហួត បានឲ្យរដ្ឋបាលខណ្ឌធ្វើលិខិតផ្លូវការ ជម្រាបទៅលោកសង្កាត់ទាំងប្រាំ និងលោក-លោកស្រីជាមេភូមិទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ ឲ្យចុះធ្វើការណែនាំ និងជំរុញ ប្រជាពលរដ្ឋដែលមានដីឡូតិ៍ ជាពិសេសដីឡូតិ៍ដែលទុកចោល និងមានព្រៃដុះក្នុងដីរបស់ពួកគាត់ ឲ្យធ្វើការសម្អាតកាប់ឆ្ការ និងឈូសឆាយព្រៃចេញឲ្យអស់ ព្រោះតាមការសង្កេតកន្លងមកឃើញថា ជនទុច្ចរិតតែងតែយកកន្លែងដែលមានព្រៃដុះជិតងាយស្រួលប្រពឹត្តបទល្មើស និងសេពគ្រឿងញៀន និងបង្កជាបញ្ហាអសន្តិសុខមួយចំនួន និងបង្កហានិភ័យខ្ពស់ ដូចជាករណីភ្លើងឆេះព្រៃជាដើម។
ដូចនេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងលើកកម្ពស់សោភណភាពមូលដ្ឋាន ក៏ដូចជារាជធានីភ្នំពេញរបស់យើងឲ្យបានកាន់តែល្អប្រសើរ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលមានដីឡូតិ៍ ឬដីឡូតិ៍ទុកចោល ហើយមានព្រៃដុះ សូមមេត្តាធ្វើការសម្អាតកាប់ឆ្ការ ឬឈូសឆាយព្រៃចេញឲ្យអស់ពីដីរបស់បងប្អូន ហើយរាល់ការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺមានន័យថាបងប្អូនបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អសម្រាប់សង្គម និងបានចូលរួមចំណែកអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ផងដែរ៕