លោក ជា ពិសី តែងតាំង​ជា​អភិបាល ខណ្ឌឫស្សីកែវ ជំនួស​លោក ធុ​យ សុខន

01-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦​នេះ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ  និង​ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​តែងតាំង អភិបាលខណ្ឌ​ឫស្សីកែវ​ថ្មី គឺ​លោក ជា ពិសី ជំនួស​លោក ធុ​យ សុខន ដែល​ត្រូវ​ចូលនិវត្តន៍​។​

​ជាមួយគ្នានេះ លោក ស៊ូ សោ​គន្ធ ដែល​បច្ចុប្បន្ន​ជា​នាយក​រដ្ឋបាល​សាលាខណ្ឌ​ឫស្សីកែវ ត្រូវបានតែងតាំង​ជា​អភិបាលរង ខណ្ឌឫស្សីកែវ ជំនួស​តំណែង លោក ជា ពិសី ហើយ ​លោក ទុង សោ​ភ​ណ័ ដែល​បច្ចុប្បន្ន​ជា​នាយករង​រដ្ឋបាល សាលាខណ្ឌ​ឫស្សីកែវ ត្រូវបាន​ឡើងជា​នាយក​រដ្ឋបាល​ស្តីទី ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​បង្គាប់​ទៅ​គណៈ​អភិបាល ខណ្ឌ​ប្ញ​ស្សី​កែវ​ថ្មី នាំគ្នា​ទៅធ្វើ​សច្ចា​ក្នុង​ចិត្ត​ថា​ត្រូវ​ស្មោះត្រង់ នឹង​ជាតិ​ស្មោះត្រង់​ជាមួយ​ប្រជាជន ហើយ​ខិតខំ​បម្រើប្រជាជន ដោយ​ក្តី​រីករាយ ហើយ​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន កុំ​ឲ្យ​ភ្លេចខ្លួន នឹង​មុខតំណែង ។ នេះ​ជា​លើក​ទី​១​ហើយ ដែល​គណៈ​អភិបាលខណ្ឌ​ថ្មី ត្រូវបាន​អភិបាល ក្រុង បង្គាប់​អោយ​នាំគ្នា​ទៅធ្វើ​ការសន្យា នៅ​ចំពោះមុខ​បារមី​លោកយាយ​ពេញ និង​វត្ថុ​ស័ក្តិសិទ្ធិ នៅ​ទី​រមណីយដ្ឋាន​វត្តភ្នំ​។​

​មន្ត្រី​សាលាខណ្ឌ​ឫស្សីកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ថា៖ ការផ្លាស់​មុខតំណែង​នេះ គឺ​ត្រូវ​ប្រកាស​តែងតាំង តាំងពី​ថ្ងៃទី​១ ខែ​កម​រា ឆ្នាំ​២០១៦​មកម្ល៉េះ ប៉ុន្តែ​ដោយសារ​លោក ធុ​យ សុខន អភិបាលខណ្ឌ​សព្វថ្ងៃ​មាន ឋានៈ​ជា​ឧ​ត្ត​ម​មន្ត្រី ហើយ​ការតែងតាំង​ឬ​ការ ផ្លាស់ប្តូរ​តួនាទី​ត្រូវមាន​ឡាយព្រះហស្ថលេខា ដោយ​ព្រះមហាក្សត្រ ដូច្នេះ​ទើប​មានការ​យឺតយ៉ាវ​អូសបន្លាយ រហូតដល់​ថ្ងៃទី​១ ខែមីនា​នេះ ។​

​គួរបញ្ជាក់​ថា​លោក ធុ​យ សុខន បាន​ត្រូវ​តែងតាំង​ជា​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ក្រោយ​បំបែក​ខណ្ឌ​ប្ញ​ស្សី​កែវ ជា​២​ខណ្ឌ​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៤ ហើយ​មកដល់​ដើមឆ្នាំ​២០១៦​នេះ បាន​ចូលនិវត្តន៍​។ ចំណែក​លោក ជា ពិសី បានតែងតាំង​ជា​អភិបាលរង ខណ្ឌ​ប្ញ​ស្សី​កែវ ក្នុងអំឡុង​ឆ្នាំ​២០១២​ ​លោក ជា ពិសី ធ្លាប់ជា​ស្មៀន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ៕

ចំនួនអ្នកទស្សនា

    20227347

  • ថ្ងៃនេះ1091
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28871
  • ខែនេះ16681
  • ឆ្នាំនេះ999901
  • សរុប20227347