ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថា នៅភូមិគោកឃ្លៀង និងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី មានអំពើចោរកម្មស្ទើរជារៀងរាល់យប់នោះ នៅយប់ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ លោក លី សាវេត អភិបាលខណ្ឌ និងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានដឹកនាំមន្ត្រី និងកម្លាំងសមត្ថកិច្ច ចុះទៅជួបជាមួយប្រជាពលរដ្ឋទាំងយប់ ដើម្បីសួរព័ត៌មានបន្ថែម និងមានវិធានការណ៍ជាបន្ទាន់។
លោក លី សាវេត បានប្រាប់ ឲ្យដឹងថា៖ «ក្រោយការសួរនាំប្រជាពលរដ្ឋជាច្រើននាក់ យើងទទួលស្គាល់ថា ពួកគាត់លើកឡើងពីអំពើចោរកម្មដែលកើតមានឡើងនៅក្នុងភូមិ ប៉ុន្តែចំពោះករណីទាំងនេះ ខ្ញុំនឹងធ្វើវេទិការសាធារណ: នៅថ្ងៃស្អែក ដើម្បីស្តាប់នូវការលើកឡើងផ្សេងៗបន្ថែមទៀត»។
យ៉ាងណាក៏ដោយ លោកអភិបាលខណ្ឌ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះបទល្មើសទាំងនេះ ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋ ខណ:ដែលប្រព័ន្ធផ្លូវ និងលូ ព្រមទាំងសម្មិទ្ធផលជាច្រើនត្រូវបានអាជ្ញាធរកសាងបានជាច្រើន។
សម្រាប់ករណីនេះ លោក លី សាវេត បានអំពាវនាវឲ្យប្រជាពលរដ្ឋមានភាពស្ងប់ស្ងៀមដើម្បីទុកឲ្យអាជ្ញាធរ និងសមត្ថកិច្ចធ្វើការដោះស្រាយជូន។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិគោកឃ្លៀង និងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបង្ហាញការអស់ជំនឿទាំងស្រុងទៅលើក្រុមសមត្ថកិច្ច និងអាជ្ញាធរ ដែលគ្មានវិធានការណ៍ចំពោះការទប់ស្កាត់ អំពើចោរកម្ម ដែលកំពុងកើតមានឡើងពេញបន្ទុកនៅក្នុងមូលដ្ឋានដែលបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិស្ទើរជារៀងរាល់យប់ដូចជា លួចម៉ូតូ លួចធុងទឹកកក លួចរឺម៉ក់ លួចកង់ លួចកៅអី និងគាស់ផ្ទះជាដើម។
អំពើចោរកម្មបែបនេះ បានបង្ខំឲ្យប្រជាពលរដ្ឋដាក់វេណប្រចាំការយាមផ្ទះរបស់ខ្លួន តាំងពីក្បាលព្រលប់ រហូតទល់ភ្លឺ ពីព្រោះខ្លាចក្រុមចោរទាំងនេះចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពួកគេ។
បើតាមប្រជាពលរដ្ឋ អំពើចោរកម្មដែលគ្មានការទប់ស្កាត់គ្មានប្រសិទ្ធភាពនេះ បានកើតឡើង មុនមួយថ្ងៃនៃបុណ្យចូលឆ្នាំចិនមកម្ល៉េះ រហូតមកដល់ពេលនេះ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ចឺត (ឈ្មោះ ហៅក្រៅ) បានស្នើសុំមកឲ្យ ជួយផ្សាយរឿងនេះដើម្បីដឹងដល់ថ្នាក់ដឹកនាំនោះ បានរៀបរាប់ថា "ឥឡូវនេះពួកយើងរវល់តែការពារទ្រព្យសម្បត្តិរបស់យើងទៅវិញ នៅពេលយប់ឡើង ពីព្រោះចោរលួចខ្លាំងពេក តែសមត្ថកិច្ច ហាក់បីដូចជាគ្មានការទប់ស្តាល់នោះឡើយ ដូចករណីយប់មិញ នៅពេលប្រជាពលរដ្ឋតេហៅមកជួយអន្តរាគមន៍ នៅពេលមានចោរចង់កាប់ប្រជាពលរដ្ឋ ស្រាប់តែអាវុធហត្ថ មកដល់ពួកគេមកសួរយើងថា មានកាន់ដំបងហ្នឹងចង់វាយសម្លាប់គេរឺមួយយ៉ាងណា?
បើតាមប្រជាពលរដ្ឋ ក្រុមចោរទាំងនេះមានមេក្លោងធំៗ ៤នាក់រួមមាន ឈ្មោះ អាត្នោត ឈ្មោះ អាមូស ឈ្មោះ អាវណ្ណា និងឈ្មោះ អាធួន ដែលរស់នៅម្តុំចេតីយ៍៨ខ្នង គឺលើប្រឡាយតែម្តង ហើយពួកនេះមានកូនចៅមួយចំនួនទៀត សម្រាប់ដើរធ្វើសកម្មភាព ដោយយប់ឡើងជួបជុំគ្នានៅលើស្ពានលូប្រឡាយបង្ហូរទឹក និងនៅក្នុងបន្ទប់ជួលតែម្តង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាំបិត ដំបង និងដុំថ្មជាដើម។
ប្រជាពលរដ្ឋបានលើកឡើងថា បើសិនគ្មានការទប់ស្តាត់ឲ្យទាន់ពេលវេលានោះទេ តំបន់ដែលពួកគាត់រស់នៅនឹងក្លាយជាបឹងឈូកទី២ ជាក់ជាមិនខាន ។ កន្លងមកប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹង ទៅកាន់ប៉ុស្តិ៍នគរបាល ទៅសង្កាត់ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែគ្មានប្រសិទ្ធភាព ហើយអាជ្ញាធរមិនដែលចុះមកធ្វើរដ្ឋបាលនោះឡើយ៕