ស្នងការ​នគរបាល​ប្តេជ្ញា​ពង្រឹង​បញ្ហា​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស ជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់​ភ្នំពេញ​ថ្មី

01-March-2016 | ដោយ មែន កំសត់

 
ភ្នំពេញ​៖ ក្រោយពី​ការចុះផ្សាយ​ព័ត៌មាន​ស្តីអំពី​អសន្តិសុខ​នៅ​ភូមិ​គោក​ឃ្លៀង និង​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​សំបូរ​ទៅដោយ​អំពើចោរកម្ម បង្ក​ពី​សំណាក់​ក្រុម​ក្មេង​ទំនើង​ប៉ុន្មាន​នាក់​នោះ ពេញ​មួយ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អមដោយ​អភិបាលខណ្ឌ​សែន​សុខ លោក លី សា​វេត និង​អធិការនគរបាល​ខណ្ឌ លោក ម៉ក់ ហុង បាន​ចុះទៅ​ធ្វើ​វេទិកាសាធារណៈ​នៅ​ទីនោះ​តែម្តង ដើម្បី​ស្តាប់​ផ្ទាល់ នូវ​ការលើកឡើង​ជាក់ស្តែងរ​បស់​ប្រជាពលរដ្ឋ​។​

​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ប្រមាណ​២០០​នាក់ នៅក្នុង​វេទិកាសាធារណៈ ស្ថិតនៅ​ចំណុច​ចេ​តី​យ៍ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានបង្ហាញ​ការ​ប្ត​ជ្ញា ចិត្ត​យ៉ាង​មុតមាំ​លើ​ការពង្រឹង​បញ្ហា​សន្តិសុខ និង​ទប់ស្កាត់​បញ្ហា​បទល្មើស​នានា​ដែល កើតឡើង​នាពេលខាងមុខ​ទៀត​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។ តាមរយៈ​ការពង្រឹង​បញ្ហា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានដាក់​ផែនការ​ឲ្យ​អធិការនគរបាល​ខណ្ឌ ត្រូវ​បង្កើន​កម្លាំង​នគរបាល សហការ​ជាមួយ​ប្រជា​ការពារ និង​អនុ​ភូមិ តាមរយៈ​ការបង្កើត​ប៉ុស្តិ៍​យាមកាម ដើម្បី​ល្បាត​ប្រចាំការ​នៅពេល​យប់ និង​ពេល​ថ្ងៃ គោលបំណង​បង្កើន​ការងារ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បញ្ហា​អសកម្ម​ផ្សេងៗ​ដែល​អាច​កើតមានឡើង​។​

​តាមរយៈ​វេទិកាសាធារណៈ​ដែល​ធ្វើឡើង​តាំងពីព្រឹក​រហូតដល់​ម៉ោង​១១​និង​៣០​នាទី​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏បាន​ព្រមាន​សារជាថ្មី ដក​មេ​ប៉ុស្តិ៍​ស្តីទី​បើសិន​ធ្វើការ​ទប់ស្កាត់ បទល្មើស​ទាំងនេះ​មិនបាន ដោយ​ទុក​ឲ្យ​កម្លាំង​សមត្ថកិច្ច​ពី​ខាងលើ ចុះទៅ​បង្ក្រាប​បទល្មើស នៅក្នុង​ទឹកដី​របស់ខ្លួន​ចំនួន​២​ដងនោះ​។ សម្រាប់​មេ​ប៉ុស្តិ៍​ស្តីទី ក៏​ត្រូវបាន​លោកស្នងការ ប្រកាស​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ថា មិន​ឲ្យ​ឡើង​ដំណែង​ជា​មេ​ប៉ុស្តិ៍​នោះទេ ដរាបណា ការពារ​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​នោះ​។ សម្រាប់​វេទិកាសាធារណៈ​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បានលើកឡើង​នូវ​បញ្ហា​ទាំងនេះ ជូន​ថ្នាក់ដឹកនាំ​ជា​បន្តបន្ទាប់​ថា ពិតជា​បានកើត​ឡើង​មែន ដែល​ត្រូវ​ចាត់វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាទីបំផុត​។ សូមបញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ ដែល​នាយ​ឧ​ត្ត​ម​ស្នងការ​រាជធានី​ភ្នំពេញ ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកាសាធារណៈ​ស្តីពី​ភូមិ សង្កាត់​មាន​សុវត្ថិភាព ហើយ​បាន​ថ្លែង​ព្រមាន​ចំៗ​ថា «​ប្រសិនបើ​សមត្ថកិច្ច​ពី​ថ្នាក់ក្រុង ឫ​ថ្នាក់​ក្រសួង ចុះមក​ចាប់​បង្ក្រាប​បទល្មើស ក្នុង​ទឹកដី​ខ្លួន​គ្រប់គ្រង​ចំនួន​២​លើក ហើយ​មេ​ប៉ុស្តិ៍​មិនដឹង ខ្ញុំ​នឹង​ដក​មេ​ប៉ុស្តិ៍​នោះ​ភ្លាម​»​។ ដោយឡែក​លោក​អធិការ​ខណ្ឌ​ក៏​ដូចគ្នា បើ​ដក​មេ​ប៉ុស្តិ៍​អស់​ចំនួន​២​នាក់ អធិការ​នោះ​ប្រ​ញាប់​ជំរាបលាប្រ​ជា​ពលរដ្ឋ​ទៅ​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់​ទៀតថា «​បញ្ហា​ចំនួន​៣ នគរបាល​របស់​យើង​ចាំបាច់ ត្រូវអនុវត្ត ដើម្បី​បំរើ​ជូន​ប្រជាពលរដ្ឋ​នោះ គឺ​ផ្តល់​សេវា​តម្រូវការ ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់​ប្រភព​គ្រឿងញៀន និង​អ្នក​សេព​ថ្នាំញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ពីព្រោះ​នៅក្នុង​ភូមិ​ឥឡូវ​មាន​ផ្លូវ​ល្អៗ ដូច្នេះ​ខ្លះ​បើករថយន្ត និង​ជិះ​ម៉ូតូ​លឿន​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក៏បាន​ដាក់បទបញ្ជា​ដល់​លោក ម៉ក់ ហុង ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​លើ​ក្រុម​ក្មេង​ទំនើង​ទាំងអស់នេះ ដោយ​រៀបចំ​ផែនការ​ឲ្យ​បាន​ជាក់លាក់​ដោយ​ដាក់​កន្លែង​ភូមិ​គោក​ឃ្លៀង ជា​តំបន់​ស្មុគស្មាញ កុំ​ទុក​ឲ្យ​ក្មេង​ទំនើង​៤​ទៅ​៥​នាក់ បង្ក​ការអុកឡុក​ស្រួលៗ​យ៉ាង​ដូច្នេះ​។​

លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ លោក​នឹង​រៀបចំ​ការដាក់​ប្រព័ន្ធ​ភ្លើង​បំភ្លឺ ផ្លូវ​នៅពេល​យប់​ដើម្បី​ជួយ​កាត់បន្ថយ​បទល្មើស​ទាំងនេះ​។ សូមបញ្ជាក់ថា នៅ​ភូមិ​គោក​ឃ្លៀង និង​ភូមិ​ដំណាក់ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​ចាត់ទុកថា មាន​ភាពអសន្តិសុខ យ៉ាងខ្លាំង​ដោយសារ​តែមាន​ក្រុមចោរ​ពេល​រាត្រី ធ្វើ​សកម្មភាព​មួយចំនួន ដូចជា លួច​ម៉ូតូ លួច​ធុង​ទឹកកក លួច​គាស់​ផ្ទះ និង​បង្ក​អំពើហិង្សា​ជាដើម​៕

ចំនួនអ្នកទស្សនា

    20227207

  • ថ្ងៃនេះ951
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28731
  • ខែនេះ16541
  • ឆ្នាំនេះ999761
  • សរុប20227207