សាលា​រាជធានី គ្រោង​ស្នើឱ្យ​រាជរដ្ឋាភិបាល​ផ្តល់​ដី​តំបន់​ជ្រោយចង្វារ ជា​សម្បត្តិ​របស់ខ្លួន

03-March-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖  សាលា​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦ បាន​ពិភាក្សា​អំពី​សេចក្តីព្រាង​អនុក្រឹត្យ ដើម្បី​ស្នើឱ្យ​រាជរដ្ឋាភិបាល​ផ្តល់​ដី​តំបន់​ជ្រោយចង្វារ ទុកជា​សម្បត្តិ​របស់​រា​ជ​ធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ដល់​ការអភិវឌ្ឍ​បន្ថែម​។ នេះ​បើតាម​ការផ្សព្វផ្សាយ​នៅលើ​ទំព័រ Facebook របស់ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​ រាជធានី​ភ្នំពេញ​។​
​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់ ឱ្យដឹងថា តំបន់​នោះ​ដំបូង​ឡើង​មាន​ទំហំ​ជាង​៣០០​ហិកតា ប៉ុន្តែ​បន្ទាប់ពី​ឆ្វេ​ល​ដី​រួច​នៅសល់​ប្រមាណ​២៨០​ហិកតា​ប៉ុណ្ណោះ ហើយ​សាលា​រាជធានី​ភ្នំពេញ មាន​គម្រោង​ដើម្បី​ជួល​ដី​តំបន់​នោះ ទៅឱ្យ​ក្រុមហ៊ុន OCIC ដើម្បី​អភិវឌ្ឍ​ន៍។​

ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល ​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ Facebook របស់លោក នា​ល្ងាច​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦​ថា សាលា​រាជធានី​ភ្នំពេញ មិន​ទុក​តំបន់​ជ្រោយចង្វារ​នោះ ឱ្យនៅ​ជា​តំបន់​អនាធិបតេយ្យ​នោះទេ ហើយ​ថា​ការអភិវឌ្ឍ​ខាងមុខនេះ ជាការ​ចូលរួម​ក្នុងការ​ដោះស្រាយ​ទុក្ខលំបាក់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តមក៏​លើកឡើងថា «​យើង​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ការស្រុះស្រួល មិនត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក​ឡើយ ប៉ុន្តែ​ការដោះស្រាយ​បញ្ហា​ម្តង​ទាំងអស់​ក៏​មិនកើត​ដែរ​»​។​«​យើង​មិនអាច​ទុក​ឲ្យ​តំបន់​នោះ ទៅជា​អនាធិបតេយ្យ​បាន​នោះទេ យើង​ត្រូវតែ​ធ្វើការ​អភិវឌ្ឍ​ជា​កញ្ចប់ ដោយមាន​ទាំង​ទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ មន្ទីរពេទ្យ សាលារៀន​ ​សម្រាប់​ប្រជាពលរដ្ឋ រស់នៅ​ប្រកបដោយ​ផាសុខភាព​»​៕​

ចំនួនអ្នកទស្សនា

    20227007

  • ថ្ងៃនេះ751
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28531
  • ខែនេះ16341
  • ឆ្នាំនេះ999561
  • សរុប20227007