ភ្នំពេញ៖ កម្លាំងចំរុះរបស់សាលាខណ្ឌដូនពេញ ជាច្រើននាក់ ក្រោមការបញ្ជាផ្ទាល់ពី លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងមានការសម្របសម្រួល ខាងផ្លូវច្បាប់ពី លោកព្រះរាជអាជ្ញារង ងិន ពេជ នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានឆ្មក់ចូលបង្ក្រាប ទីតាំងហ្គេមលួចបើកពេលរាត្រី ស្ថិតនៅខាងក្រោយស្ថានទូត បារាំងផ្ទះគ្មានលេខ ភូមិ២០ សង្កាត់ ស្រះចក។
យោងតាមលោក ចាន់ បណ្ឌិត នាយកសាលាខណ្ឌដូនពេញ បានប្រាប់ ឲ្យដឹងដែរថា៖ ក្នុងប្រតិបត្តិការ ចុះបង្ក្រាបទីតាំងហ្គេមខុសច្បាប់ ខាងលើនេះ កម្លាំងសមត្ថកិច្ចចំរុះ បានឃាត់ខ្លួន ជនសង្ស័យ៩នាក់ក្នុងនោះស្រី២នាក់ ព្រមទាំងដកហូត២ទូ ម៉ូតូHonda Dream125c ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FF-1256 មួយគ្រឿងផងដែរ។ លោក ចាន់ បណ្ឌិត បានបញ្ជាក់ថា៖សម្រាប់មនុស្សទាំង៩នាក់ ខាងលើនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ប៉ុស្តិ៍នគរបាល ស្រះចក ដើម្បីបន្តការសួរ នាំចាត់ការតាមច្បាប់។សម្រាប់ទីតាំងហ្គេមខុសច្បាប់ នៅក្នុងទឹកដីខណ្ឌដូនពេញ ត្រូវបានលោក គួច ចំរើន ចេញបទបញ្ជាមិនឲ្យមានវត្តមាន តទៅទៀតឡើយ តែទន្ទឹមនឹងនេះ ក៏នៅតែមានការបើកលេងដោយលួចលាក់ ជាពិសេនៅ ពេលរាត្រីតែម្តង តែនៅពេលទទួលបានព័ត៌មានច្បាស់នោះ លោកនឹងចាត់ការភ្លាមដូចករណីខាងលើនេះតែម្តង៕