ភ្នំពេញ៖ នា ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីរស្នាក់ការ បក្ស ប្រជាជន កម្ពុជាខណ្ឌព្រែកព្នៅ មានប្រារព្ធពិធី សំណេះសំណាល ចែកអំណោយស្ត្រីក្រីក្រចំនួន ៤០នាក់ក្នុងសង្កាត់ទាំង៥ និងអបអរសាទរខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ « វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព » ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និង លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ។
ពិធីនេះមានវត្តមានចូលរួមពី លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ លោកស្រី សំ ស៊ីថា ប្រធាន គ.ក.ស.ក ខណ្ឌ លោក-លោកស្រី សមាជិកក្រុមប្រឹក្សា លោកនាយក-នាយករង និងភរិយា លោក-លោកស្រី ការិយាល័យ ជុំវិញសាលាខណ្ឌ សង្កាត់ទាំង៥ និងមន្ត្រីសាលាខណ្ឌសរុប ៨៥នាក់។
នាឱកាសនោះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រែកព្នៅបានមានមតិសំដែងនិងថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ដែល បានយកចិត្តទុកដាក់លើកាងារស្ត្រី និងកុមារ ដែលជាជនងាយរងគ្រោះ លោកក៏បានបន្តទៀតដែរថា ៖ ត្បិតតែសង្គមមានការអភិវឌ្ឍន៍ក៏មានការចូលរួមពីស្ត្រីគ្រប់សកម្មភាព រូបភាព ហើយក្រសួងកិច្ចការនារីក្រសួងផែនការ ក្រសួងមហាផ្ទៃក៏បានដាក់បញ្ហាការងារស្ត្រី និងកុមារជាបញ្ហាអាទិភាពនិងចម្បងក្នុងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ហើយនាពេលខាងមុខនឹងរៀបចំគោលនយោបាយឲ្យស្ត្រីចូលរួម លើកិច្ចការអភិវឌ្ឍន៍ប្រកបដោយភាពសមធម៌និងចីរកាល និងស្ដ្រីអាចក្លាយជាអ្នកដឹកនាំដ៏ប្រពៃដោយអាចធ្វើជា រដ្ឋមន្ត្រី អភិបាលខណ្ឌ ក្រុមប្រឹក្សា សង្កាត់ ដូចបុរស ដូចនេះស្នើអាជ្ញាធរ បន្តនិងជម្រុញ ផ្សព្វផ្សាយការងារស្ដ្រី ឲ្យបានទូលាយ និងមិនមានការរើសអើង ទប់ស្កាត់លើការហឹង្សា ជួញដួរ គ្រប់ប្រភេទនិង ជម្រុញក្នុងការបង្កើនមុខរបរជំនាញ ដូចជា កាត់សក់ អ៊ុតសក់ កាត់ដេរ និងទប់ស្កាត់លើការចំណាកស្រុកក្រៅប្រទេសខុសច្បាប់ ។
បន្ទាប់មក លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ បានមបន្ថែមដែរថា ៖សង្គមមិនអាចខ្វះស្ត្រីបានទេ ព្រោះស្ត្រីជាមាតានៃពិភពលោក ត្បិតតែស្ដ្រីមានការយល់ដឹង នៅមានកម្រិត ដូចនេះស្នើដល់ជនបង្គោលស្ដ្រីគ្រប់សមាសភាពត្រូវបង្កើន ការផ្សព្វផ្សាយ ដល់ស្ត្រីគ្រប់រូប បុរសគ្រប់រូប ឲ្យចូលរួមលើកកំពស់ យេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាព សមធម៌ សីលធម៌ ភាពថ្លៃថ្នូរ ហើយក្នុងនោះគណៈកម្មាធិការ (គសប គកនក)ខណ្ឌ ឃុំ ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ដើម្បីពិនិត្យមើលវឌ្ឍនភាព ការងារ និងដោះស្រាយរាល់បញ្ហាប្រឈម នានា បញ្ចូលក្នុងផែនការវិនិយោគស្រុក ឃុំ មានដូចជា៖ ការងារសុខភាព អានាម័យ កាងារអប់រំ ការងារផ្សព្វផ្សាយបញ្ច្រាបយេនឌ័រ ការធ្វើចំណាកស្រុក និងរើសគូស្រករនៅក្រៅប្រទេសជាដើម និងជម្រុញការចុះអត្រានុកូលដ្ឋាន ដល់ទារក លោកក៏បានបន្តទៀតផងដែរថា បើសង្គមគ្មានស្ត្រីក៏មិនអាចអភិវឌ្ឍន៍ បានដែរ ហើយបើយើងមើលងាយស្ត្រីដូចមើលងាយម្ដាយយើងដែរ ។ចុងបញ្ចប់លោកប្រធានក្រុមប្រឹក្សានិងលោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណ ចំពោះគ្រប់ជនបង្គោលស្រី្តក្នុងមូលដ្ឋានដែលចំណាយពេលចូលរួម កិច្ចប្រជុំការងារស្ត្រី និងអបអរសាទរខួបលើកទី១០៥សិទ្ធិនារីអន្តរជាតិ ៨ មីនា នាពេលខងមុខ និងសូមជូនពរសមប្រកបតែសេចក្ដីសុខគ្រប់ប្រការព្រមចែកជូនកាដូអនុស្សាវរីយ៍ពីថ្នាក់ដឹកនាំ ពីស្វាមី ជូន នារីជាភរិយា ជាមន្ត្រីដែលបំរើការក្នុង សាលាខណ្ឌ-សង្កាត់ទាំង៥ ផង ចំពោះអំណោយចែកជូនស្ត្រីក្រីក្ររួមមាន ៖ អង្ករ ១បាវ ២០ គីឡូ មីយើង ១កេស ទឹកត្រី និងទឹកស៊ីអ៊ីវ ចំនួន ០៤ដបនិងថវិកាក្នុងម្នាកៗ ២០,០០០ រៀលផងដែរ ៕