ព្រៃវែង៖ នៅ ព្រឹក ថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០១៦ បានរៀបចំវេទិកាសាធារណៈ ពាក់ព័ន្ធនឹងការដាំឈូកលើដីបឹងសាធារណៈរបស់រដ្ឋនិងឆ្លើយតបនឹងការចោទសួររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុង ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង។
វេទិកានេះមានការចូលរួមពី lលោកនាយខ័ណ្ឌ ជលផលខេត្តព្រៃវែង មន្ត្រីសលាស្រុក ក្រុមប្រឹក្សាឃុំ អធិការនគរបាល ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងប្រជាពលរដ្ឋច្រើន នាក់ ផងដែរ ក្រោមអធិបតីភាព លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល។
ក្រោយពីបានសំណេះសំណាល និង មានមតិ បើកវេទិកា សាធារណៈ លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល បានធ្វើការបកស្រាយ ឆ្លើយបំភ្លឺ និង ធ្វើការផ្សព្វផ្សាយអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែនមាត្រា ច្បាប់បទដ្ឋាន និងទោសទណ្ឌមួយចំនួន ពាក់ព័ន្ធនឹងការដាំឈូកលើដីបឹងសាធារណៈ ជាពិសេសគឺផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពុលក្នុងទឹក ទៅលើសុខភាពមនុស្ស សត្វ ជីវចំរុះនៅក្នុងទឹកជាដើម ដើម្បីឱ្យអ្នកចូលរួមធ្វើការពិចារណា និងអនុវត្តន៍ ការងារចិញ្ចឹមជីវិតស្របតាមច្បាប់ទាំងអស់គ្នា។
នាឱកាសនោះ លោកអភិបាល ក៏សូមធ្វើការ បញ្ជាក់ថា ៖ កន្លងមក អាជ្ញាធរស្រុក អាជ្ញាធរ ឃុំ រួមជាមួយជំនាញជលផល បានហៅប្រជាពលរដ្ឋអ្នកដាំឈូកមកអប់រំ ណែនាំ និងបានធ្វើកិច្ចសន្យាចំនួន ២ដងរួចហើយ អំពីការហាមឃាត់មិនឱ្យពួកគាត់បន្តដាំ និង ថែទាំឈូកទាំងនេះ ប៉ុន្តែ អ្នកទាំងនោះនៅតែបន្តដាំទៀត ដូច្នេះក្នុងអង្គវេទិកាថ្ងៃនេះ ខ្ញុំបានប្រកាសបញ្ឈប់ការថែទាំ និងការពារឈូកក្នុងដីបឹងសាធារណៈរបស់រដ្ឋជាកម្មសិទ្ឋឯកជន ចាប់ពីពេលនេះតទៅ ហើយទុកបឹងនេះសំរាប់ប្រើប្រាស់ជាប្រយោជន៍រួមសំរាប់មនុស្សទូទៅ។
អង្គវេទិកាបានបញ្ចប់ប្រកបដោយភាពរីករាយ និង ស្និទ្ធស្នាល បំផុត លោកអភិបាលក៏បានថ្លែងនូវអំណរគុណ ចំពោះសមាជិក សមាជិកា ដែលបានចូលរួម កិច្ចប្រជុំនាពេលនេះដែរ៕