ព្រៃវែង៖ ដោយទទួលបានព័ត៌មាន និងមានការអាណិតអាសូរ មានមនុស្សធម៌ ចំពោះគ្រួសារដែលមានជំងឺប្រចាំកាយ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាល ទើបនៅល្ងាចថ្ងៃទី០៥ខែមីនាឆ្នាំ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានដឹកនាំក្រុមការងារ របស់សាលាស្រុក ចុះសាកសួរសុខទុក្ខ លោក មាស គា មេឃុំព្នៅទី១ ដែលមានជំងឺប្រចាំកាយសំរាកព្យាបាលនៅឯផ្ទះ ។
នាឱកាសនោះលោកម៉ននី បណ្ឌិត បានសម្ដែងនូវក្ដីអាណិត អាសូរនិងបានបួងសួងសូមឲ្យលោកមេឃុំឆាប់ជាសះស្បើយ ពីរោគា ទាំងពួង លោកក៏បានធ្វើការកោតសរសើរ ដល់សកម្មភាពការងារ របស់លោក មេឃុំ ដែល មានស្នាដៃល្អក្នុងការបម្រើជាតិ មាតុភូមិនិងចូលរួមកិច្ចអភិវឌ្ឍន៍មូលដ្ឋាន បានល្អប្រសើរ។
ក្រោយពីការសំណេះសំណាលចប់លោកអភិបាលស្រុកបាននាំយកសម្ភារៈប្រគល់ជូនលោក មាស គាមេឃុំព្នៅទី១រួមមាន៖ មី២កេស ទឹកដោះឆៅ ស្ករ ស និងថវិកាមួយចំនួនផងដែរ។ តំណាងក្រុមគ្រួសារនិងលោក មាសគា បានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំស្រុកដែលតែងតែគិតគូរដល់ជីវភាពនៅពេលដែលគ្រួសារកំពុងមានកង្វះខាត និងបានគោរពជូនពរសូមឲ្យក្រុមការងារជួបប្រទះតែសេចក្ដីសុខគ្រប់ប្រការ សម្រេចការងារ តាមផែនការរបស់ថ្នាក់ជាតិ ៕