ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ នេះ បានដឹកនាំមន្ត្រីជំនាញ កម្លាំងសណ្តាប់ធ្នាប់ និងអាជ្ញាធរមូលដ្ឋាន ចុទៅដោះស្រាយបញ្ហាប្រឈមចំនួន៣ ដែលកំពុងកើតមានឡើងដល់ប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលកំពុងជួបប្រទះ។
កិច្ចប្រតិបត្តការ មានវត្តមានចូលរួមពីកម្លាំងចម្រុះសាលាខណ្ឌ សង្កាត់ មេភូមិ ប្រជាការពារ និងមន្ត្រីនគរបាលប៉ុស្តិ៍។នាឱកាសនោះលោក សេង គន្ធ បានបញ្ជាក់ឲ្យដឹងថា៖យោងតាមព័ត៌មានពី មូលដ្ឋាន តម្រូវឲ្យថ្នាក់ខណ្ឌ ធ្វើការ ពិនិត្យបញ្ហាទាំង៣នោះរួមមាន ទី១-ទីតាំងទិញ-លក់ និងស្តុកអេតចាយមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ដែលប្រជាពលរដ្ឋជាង២០គ្រួសារ បានប្តឹងមកអាជ្ញាធរចុះទៅផ្អាក និងឲ្យរុះរើដើម្បីចូលរួមទប់ស្កាត់ និងការពារគ្រោះអគ្គិភ័យដែលអាចកើតមានឡើងនាពេលលើកក្រោយទៀត។ តាមមន្ត្រីសាលាខណ្ឌបានរាយការណ៍ថា ដោយសារតែទីតាំង ស្តុកអេតចាយមួយនេះធ្លាប់មានឆ្លងចរន្តអគ្គិសនីបង្កជាគ្រោះអគ្គិភ័យនោះ ទើបមានប្រជាពលរដ្ឋរស់នៅក្បែរនោះ បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរឲ្យជួយដោះស្រាយពីព្រោះ ខ្លាចកើតមានឡើងនាពេលលើកក្រោយទៀត។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ នៅទីតាំងមួយនេះ មានគ្រោះអគ្គិភ័យមួយបានកើតឡើង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។ជាលទ្ធផលលោក សេង គន្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ទៅម្ចាស់ទីតាំងឲ្យរុះរើ និងផ្លាស់ប្តូរទៅកន្លែងថ្មី ហើយខាងម្ចាស់ទីតាំងក៏យល់ព្រមផងដែរ។ បញ្ហាទី២-អាជ្ញាធរ បានរុះរើសំណង់សង់ និងវាយកម្ទេចចោល នូវរបងថ្មដែលលួចសង់ លើចំណីផ្លូវសាធារណៈតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី។ ដោយឡែក បញ្ហាប្រឈមទី៣- គឺអាជ្ញាធរបានចុះទៅពិនិត្យមើលភូមិសាស្ត្រមួយកន្លែង ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ដែលពោពេញទៅដោយសំរាម និងទឹកស្អុយ ដោយអាជ្ញាធរបានរិះរកស្វែងរកកន្លែងបង្ហូរកាកសំណល់ និងទឹកស្អុយទាំងនេះកុំឲ្យជះផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅរស់នៅក្នុងភូមិ។ ទីកង្វក់ទាំងនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា បើបណ្តែតបណ្តោយមិនដោះស្រាយនោះ នាំឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់ពួកគាត់ជាក់ជាមិនខានឡើយ៕