ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានជំរុញឲ្យភាគីជប៉ុន តាមរយៈអង្គការ JICA ជួយពន្លឿនការផ្តល់រថយន្តក្រុងចំនួន១៨០គ្រឿង ដើម្បីសម្រួលទុក្ខលំបាក នៃការស្ទះផ្លូវជូនបងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ។
ការស្នើរបស់សាលារាជធានីភ្នំពេញយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងអភិបាលរាជធានីភ្នំពេញឯកឧត្តម ប៉ា សុជាតិវង្ស ជាមួយអង្គការ JICA នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ ដើម្បីពិនិត្យលម្អិតលើការបន្ថែម ខ្សែរត់រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ នេះបើតាមការចុះផ្សាយរបស់ Facebook Page ផ្លូវការសាលារាជធានីភ្នំពេញ។
Facebook សាលារាជធានីភ្នំពេញ បានសរសេរថា «ការចូលរួមប្រើប្រាស់រថយន្តក្រុងសាធារណៈកាន់តែច្រើន មានន័យស្មើនឹងយើងទាំងអស់គ្នា កំពុងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការចំណាយផ្ទាល់ខ្លួន និងរដ្ឋ កាត់បន្ថយបាននូវការបំពុលបរិស្ថានជាដើម។ ព្រឹកនេះរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំពិភាក្សាជាមួយអង្គការ JICA ដើម្បី ពិនិត្យលម្អិតលើការបន្ថែមខ្សែរត់ រថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយក៏បានស្នើសុំឲ្យភាគីជប៉ុន ពន្លឿនការផ្តល់រថយន្តក្រុងទាំង១៨០គ្រឿង ដើម្បីសម្រួលទុក្ខលំបាក នៃការស្ទះផ្លូវជូនបងប្អូនប្រជាពលរដ្ឋយើង»៕