ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នៅសាលាសង្កាត់ជ្រោយចង្វារ មានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពសង្កាត់ ប្រចាំខែមីនា ឆ្នាំ២០១៦ និងទិសដៅខែបន្ទាប់ ក្រោមអធិបតីភាព លោក ពេជ សារឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ជ្រោយចង្វារ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក-លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ លោក-លោកស្រី មេភូមិ អនុប្រធានភូមិ សមាជិកភូមិទាំង៥ បុគ្គលិកសង្កាត់ និងសណ្តាប់ធ្នាប់សង្កាត់ សរុបចំនួន ៣៥នាក់។
កិច្ចប្រជុំ ដំណើរការតាមរបៀបវារៈ រួមមាន៖ស្តាប់របាយការណ៍ស្តីពីការអនុវត្តការងារកន្លងមក ការងារអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដូចជា ការបង្ក្រាបល្បែងស៊ីសង ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងការបង្ក្រាបបទល្មើសផ្សេងៗ ការងារផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ជំរុញប្រជាពលរដ្ឋឲ្យធ្វើការកាប់ឆ្ការព្រៃក្នុងដីរបស់ខ្លួន និងការងារផ្សេងៗមួយចំនួនផងដែរ។
ក្រោយពីស្ដាប់របាយការណ៍របស់ថ្នាក់សង្កាត់ ប៉ុស្តិ៍ ភូមិ ជុំវិញបញ្ហាប្រឈមនិងតម្រូវការចាំបាច់ លោក ពេជ សារឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ជ្រោយចង្វារ បានមានមតិ និងដាក់ផែនការជូនដល់បណ្ដាអង្គភាពដើម្បីអនុវត្តន៍បន្ត គឺត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់កិច្ចអភិវឌ្ឍន៍ ការចុះប្រជុំផ្សព្វផ្សាយឲ្យបានទូលាយនូវគោលការណ៍ច្បាប់ ពិសេស គ្រោះថ្នាក់ចរាចរណ៍ ការងាររដ្ឋបាលលិខិតស្នាមមានសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណនិងអត្រានុកូលដ្ឋានតាមកម្រៃសេវាច្បាប់ រាល់ចំណុចអសកម្មភាពត្រូវធ្វើការកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕