មណ្ឌលគិរី៖ លោក ឡុង វិបុល និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានយកអំណោយ មនុស្សធម៌មួយចំនួនទៅចែកជូន លោកតា លោកយាយ ដែលជាជនចាស់ជរាចំនួន០៥នាក់ ក្នុង ថ្ងៃទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ ២០១៦ដែលជាថ្ងៃឈប់សម្រាប់មន្ត្រីរាជការ ដែលរស់នៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមការបញ្ជាក់របស់នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ឡុង វិបុល បានឲ្យដឹងថា៖អំណោយទាំងនេះ គឺជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ហើយជានិច្ចជាកាល សម្តេច តែងតែគិតគូរសួរសុខទុក្ខដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ជាក់ស្តែងលោកតា លោកយាយចំនួន០៥នាក់ដែលទទួលបានអំណោយ ក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកាបន្ថែម៥ម៉ឺនរៀល។ លោកបានបន្ថែមថា៖ ថ្វីត្បិតតែ អំណោយទាំងនេះមានចំនួនតិចតួចក្តី នេះក៏ជាទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការចូលរួមចំណែក លើកកម្ពស់ស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក់។
ក្នុងឱកាសនោះផងដែរ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបរាប់ប្រាប់ដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំចម្រុះផ្សេងៗ ដើម្បីជួយសម្រាលនូវជីវភាព រស់នៅប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាពឲ្យបានល្អ ជាពិសេស ត្រូវចេះរស់នៅស្អាត ហូបស្អាត និងផឹកស្អាត៕